2026-11-12
SME News
2026-11-12
SME News
ភ្នំពេញ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាបានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ ត្រឹមឆ្នាំ២០២៨។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបើកឱកាសឱ្យពួកគាត់ទទួលបានកិច្ចគាំពារសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "ការសម្រេចបានតួលេខ ៥០ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។"
គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ទទួលបានសំណើចុះឈ្មោះសរុប ៥៦៨.៥៨២សំណើ ក្នុងនោះ ៥៣២.២៤៧សំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ ៩៥% នៃអ្នកស្នើសុំ បានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ។ អ្នកចុះឈ្មោះទី៥០ម៉ឺន គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ។
ក្រោមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានរៀបចំកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ រួមមានការសម្រួលឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាបុគ្គលស្វ័យនិយោជន៍អាចស្នើសុំចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃពីក្រុមហ៊ុន Manulife និង Phillip Capital Group បណ្ណជំនាញតម្លៃ ១៥០ដុល្លារពីមូលនិធិអភិវឌ្ឍន៍ជំនាញ បណ្ណជំនួយតម្លៃ ១លានរៀលសម្រាប់ដំណោះស្រាយឌីជីថលពីកម្មវិធី Enterprises Go Digital ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិក្កយបត្រ BillFlow និងប្រព័ន្ធគ្រប់គ្រងការលក់ GoodVibes POS ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពីក្រុមហ៊ុន Bill24 ព្រមទាំងការសម្រួលលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្នែកពន្ធដារជាដើម។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ "ទោះបីយើងសម្រេចបានសមិទ្ធផលនៃការចុះឈ្មោះលើស៥០ម៉ឺននាក់ក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណាក់កាលដំបូងប៉ុណ្ណោះ។"
ឯកឧត្តមបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ ពង្រីកការផ្សព្វផ្សាយ និងបង្កើតកញ្ចប់ឥណទានពិសេស ព្រមទាំងកម្មវិធីគាំទ្របច្ចេកទេស ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួច មានជីវភាពកាន់តែប្រសើរ អាជីវកម្មកាន់តែរឹងមាំ និងឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី