2025-07-17
ទូច សូរិយា
2025-07-17
ទូច សូរិយា
ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានដាក់ឱ្យដំណើរការជាផ្លូវការនូវ ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
ក្របខ័ណ្ឌនេះ បង្កើតជាប្រព័ន្ធថ្នាក់ជាតិមួយ សម្រាប់ការសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឱ្យប្រមាណ ៩៧% នៃតួអង្គសេដ្ឋកិច្ចរបស់កម្ពុជា។ ក្របខ័ណ្ឌនេះ គឺជាលទ្ធផលនៃដំណើរការពិគ្រោះយោបល់រួមគ្នារយៈពេលមួយឆ្នាំ ដែលទទួលបានធាតុចូលពីសិក្ខាសាលាថ្នាក់ជាតិ ការពិគ្រោះយោបល់បច្ចេកទេសជាមួយក្រសួងចំនួន ១០ និងការពិគ្រោះយោបល់ថ្នាក់តំបន់ចំនួន ៥លើក ជាមួយរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចចិត្តទាន់ពេលវេលា និងបង្កើនគណនេយ្យភាពសម្រាប់
តួអង្គទាំងអស់ដែលអនុវត្តយុទ្ធសាស្ត្រជាតិ។
លោកស្រី Kirsty Harris ទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងគាំទ្រដល់ការអភិវឌ្ឍផ្ទាំងគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ ដែលនឹងលើកកម្ពស់តម្លាភាព ការសម្របសម្រួល និងការអនុវត្តគោលនយោបាយដែលផ្អែកលើភស្តុតាង ដែលនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់អូស្ត្រាលីចំពោះកំណើនសេដ្ឋកិច្ចដែលមានភាពធន់ ចីរភាព និងបរិយាបន្ននៅកម្ពុជា។
លោក Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេសនៃអង្គការ UNDP បានលើកឡើងថា ខណៈដែលការងារ មុខរបរ និងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនមិនមានការគាំពារ ហើយប្រឈមនឹងភាពងាយរងគ្រោះ វិស័យនេះក៏មានសក្តានុពល ជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនប្រកបដោយបរិយាបន្នផងដែរ។ UNDP ប្តេជ្ញាបន្តកិច្ចសហការជាមួយដៃគូ រួមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី