2026-05-07
ទូច សូរិយា
2026-05-07
ទូច សូរិយា
ភ្នំពេញ៖ សហគមន៍នេសាទចំនួន៤ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើស ដើម្បីពង្រឹងការអនុវត្តឱ្យក្លាយជាសហគមន៍នេសាទទំនើបគំរូ។ សហគមន៍នេសាទចំនួន៤ នេះ រួមមាន៖ សហគមន៍នេសាទអូរម្រះ និងសហគមន៍នេសាទត្បូងខ្លា នៅខេត្តស្ទឹងត្រែង, សហគមន៍នេសាទកាំពី និងសហគមន៍នេសាទទំនប់បាក់ នៅខេត្តក្រចេះ។
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងសហគមន៍នេសាទចំនួន២ ក្នុងខេត្តស្ទឹងត្រែង ដែលបានជ្រើសរើសជាសហគមន៍នេសាទទំនើបគំរូនេះ មានដូចជា៖ ១. សហគមន៍នេសាទអូរម្រះ ជាសហគមន៍នេសាទ (ស.ន) ដែលទទួលការជួយគាំទ្រដោយគម្រោង ស្តីពី ការអភិវឌ្ឍសមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះដែលហៅថា «គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC)» ដែលផ្តល់មូលនិធិដោយក្រសួងសមុទ្រនិងជលផល នៃប្រទេសកូរ៉េ អនុវត្តតាមរយៈអង្គការ FAO សហការជាមួយអគ្គនាយកដ្ឋានជលផល ហៅកាត់ថា «SFC FAO-ROK»។
គម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពគណៈកម្មការ ស.ន និងបង្កើតមុខរបរចិញ្ចឹមត្រីបន្ថែមដល់សមាជិកចំនួន ១៥គ្រួសារ ដោយជួយជីកស្រះកែលម្អ និងផ្តល់កូនត្រីពូជប្រភេទត្រីប្រា និងត្រីអណ្តែងចំនួន ២៥គីឡូក្រាម/គ្រួសារ ព្រមទាំងចំណីត្រីផងដែរ។ ២. សហគមន៍នេសាទត្បូងខ្លា ជាសហគមន៍នេសាទ មានសក្តានុពលសម្រាប់បង្កើតអេកូទេសចរណ៍ជលផល ដែលតម្រូវឱ្យមានការគាំទ្រពីដៃគូពាក់ព័ន្ធ បច្ចុប្បន្ននៅមិនទាន់មានការជួយគាំទ្រនៅឡើយ។
ចំពោះ សហគមន៍នេសាទចំនួន២ ក្នុងខេត្តក្រចេះវិញ មានដូចជា៖ ១. សហគមន៍នេសាទកាំពី ជាសហគមន៍នេសាទ ដែលបានជួយគាំទ្រពង្រឹងសមត្ថភាពដោយគម្រោង SFC FAO-ROK និងបង្កើតមុខរបរបន្ថែមជាអេកូទេសចរណ៍នៅបឹងរំអិល ទទួលបានសម្ភារប្រើប្រាស់ និងផ្ទះស្នាក់ចំនួន៣ ដែលការសាងសង់នេះ នឹងត្រូវបញ្ចប់ក្នុងអំឡុងខែមិថុនាខាងមុខនេះ ដើម្បីធានាបាននូវនិរន្តរភាពនូវការដំណើរការអេកូទេសចរណ៍ជលផលនៅបឹងរំអិលនៃស.ន កាំពី ដើម្បីជាប្រយោជន៍ដល់សមាជិក ស.ន ក្នុងការចូលរួមអភិរក្សសត្វផ្សោតមេគង្គប្រកបដោយប្រសិទ្ធភាព។
ចំណែក ២.សហគមន៍នេសាទទំនប់បាក់ ជាស.ន ដែលបានចុះបញ្ជីប័ណ្ណកម្មសិទ្ធិរួចហើយ ដែលមានសក្តានុពលអេកូទេសចរណ៍ជលផលសំខាន់ ដោយមានទីតាំងទឹកធ្លាក់និងព្រៃលិចទឹកសម្រាប់ភ្ញៀវលេងកម្សាន្ត ប៉ុន្តែនៅមិនទាន់មានដៃគូជួយគាំទ្រនៅឡើយទេ។ គួរបញ្ជាក់ថា ខេត្តក្រចេះ សហគមន៍នេសាទសរុប៦៨ ក្នុងនោះសហគមន៍នេសាទ ដែលបានចុះបញ្ជីទទួលស្គាល់នៅក្រសួងកសិកម្មចំនួន៦៤ និងបានចុះបញ្ជីប័ណ្ណកម្មសិទ្ធិ៤ សហគមន៍នេសាទ ខណៈដែលសហគមន៍នេសាទ នៅសល់ត្រូវបន្តស្នើសុំចុះបញ្ជីប័ណ្ណកម្មសិទ្ធិជាផែនការអាទិភាព។ រីឯ ខេត្តស្ទឹងត្រែង មានសហគមន៍នេសាទសរុបចំនួន៦១ បានចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្មរួចរាល់ចំនួន៦០ ប៉ុន្តែមិនទាន់បានចុះបញ្ជីប័ណ្ណកម្មសិទ្ធិកន្លែងសហគមន៍នេសាទជាតំបន់គ្រប់គ្រងជលផលនៅឡើយ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី