2026-06-30
SME News
2026-06-30
SME News
រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បណ្តាប្រទេសអាស៊ានបានអនុម័តការរៀបចំឡើងវិញនូវអភិបាលកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយដាក់ដំណើរការគំនិតផ្តួចផ្តើមបញ្ញាសិប្បនិម្មិតតម្លៃ ១,២ លានដុល្លារអាមេរិក និងមជ្ឈមណ្ឌលកំព្យូទ័រកម្រិតខ្ពស់ (Supercomputing Hub) រួមគ្នា ជាលើកដំបូងបង្អស់របស់តំបន់ ដើម្បីទប់ទល់នឹងការប្រែប្រួលផ្នែកសេដ្ឋកិច្ច និងអាកាសធាតុដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
គំនិតផ្តួចផ្តើមទាំងនេះត្រូវបានបង្កើតឡើងជាផ្លូវការ តាមសេចក្តីប្រកាសព័ត៌មានរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២២ (AMMSTI-22) ដែលដឹកនាំដោយប្រទេសឡាវ ក្រោមប្រធានបទ “ជំរុញផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ២០២៦-២០៣៥”។
ថ្លែងក្នុងកិច្ចប្រជុំកំពូល តំណាងឱ្យ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាក្នុងអាស៊ាន, ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ និងជាប្រធាន COSTI កម្ពុជា បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការឆ្លងដែនលែងជាជម្រើសទៀតហើយ។
ឯកឧត្តមបានលើកឡើងថា៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនត្រឹមតែជាឧបករណ៍សម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករយុទ្ធសាស្ត្រនៃភាពធន់ និរន្តរភាព និងភាពប្រកួតប្រជែងរយៈពេលវែង។ នៅក្នុងស្ថានភាពមិនប្រាកដប្រជា និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សនេះ អាស៊ានត្រូវតែបន្តប្រើប្រាស់ STI ជាកម្លាំងរួមសម្រាប់គោលបំណងរួម។”
ដើម្បីលុបបំបាត់គម្លាតរវាងគោលនយោបាយតំបន់ និងការអនុវត្តជាក់ស្តែង ឯកឧត្តម ហ៊ុល សៀងហេង បានស្នើបង្កើត «វេទិកាអចិន្ត្រៃយ៍រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាព្រឹត្តិការណ៍អមមួយ សម្រាប់កិច្ចប្រជុំកំពូល AMMSTI នាពេលអនាគត ក្នុងគោលដៅប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម ស្ថាប័នសិក្សាធិការ និងអ្នកវិនិយោគ ដើម្បីបំប្លែងសេចក្តីប្រាថ្នារួម ឱ្យទៅជាលទ្ធផលជាក់ស្តែង និងតម្រង់ទិសសកម្មភាពឱ្យកាន់តែខ្លាំងក្លាសម្រាប់អាស៊ាន។
ឯកឧត្តមបានលើកឡើងពីការរួមចំណែកជាក់ស្តែងរបស់កម្ពុជា ក្នុងការកសាងប្លុកមួយដែលមានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា ដែលរួមមានការបង្កើតមូលនិធិស្រាវជ្រាវជាតិ ច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា និងផែនទីបង្ហាញផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០។
ក្នុងកិច្ចប្រជុំកំពូលនេះ រដ្ឋមន្ត្រីអាស៊ានបានសាទរចំពោះការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រកម្រិតខ្ពស់រួមគ្នាទំហំ ៤,២ petaFLOPS នៅប្រទេសឥណ្ឌូនេស៊ី និងបានអនុម័តលើការប្រកាសស្វែងរកសំណើគម្រោងនៃមូលនិធិ ASTIF តម្លៃ ១,២ លានដុល្លារ ក្នុងគោលដៅដោះស្រាយបញ្ហា ប្រឈមក្នុងតំបន់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
រដ្ឋមន្ត្រីអាស៊ានក៏បានអនុម័តការរៀបចំកែសម្រួលរចនាសម្ព័ន្ធគណៈកម្មាធិការ ASEAN COSTI ដោយកាត់បន្ថយអនុគណៈកម្មាធិការពី ៩ មកនៅត្រឹមស្ថាប័នជំនាញចំនួន ៥ វិញ ក្នុងគោលដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងតំបន់៕ ខ្លឹមសារ និងរូបភាព ទទួលបានពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី