SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

នាយកប្រតិបត្តិ ក្រុមហ៊ុន Panasonic ចាត់ទុកកម្ពុជាគឺជាទីផ្សារដ៏សំខាន់ ហើយត្រៀមនាំយកបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ពាណិជ្ជកម្មថ្មីចូលមកទីផ្សារកម្ពុជា


នាយកប្រតិបត្តិ ក្រុមហ៊ុន Panasonic ចាត់ទុកកម្ពុជាគឺជាទីផ្សារដ៏សំខាន់ ហើយត្រៀមនាំយកបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ពាណិជ្ជកម្មថ្មីចូលមកទីផ្សារកម្ពុជា
A+ A-

ភ្នំពេញ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ុន Panasonic និងបានពិភាក្សាឱកាសពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ការអភិវឌ្ឍធនធានមនុស្ស ស្តង់ដាផលិតផល និងលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។

គណៈប្រតិភូក្រុមហ៊ុន Panasonic ដឹកនាំដោយលោក Eiichi Katayama ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន Panasonic HVAC & CC Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីខែមេសា ដើម្បីបង្រួបបង្រួមអាជីវកម្មរបស់ Panasonic លើប្រព័ន្ធកំដៅ ប្រព័ន្ធខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្សែច្រវាក់ត្រជាក់ (HVAC) ។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មទៅវិស័យយានយន្ត អេឡិចត្រូនិក និងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ខណៈដែលកម្ពុជាកំពុងពង្រឹងការអភិវឌ្ឍជំនាញ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យាកាន់តែខ្ពស់។

ឯកឧត្តមបានលើកទឹកចិត្តឱ្យ Panasonic ពិចារណាកម្ពុជាមិនត្រឹមតែជាទីផ្សារលក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសក្តានុពលសម្រាប់រៀបចំរោងចក្រ និងខ្សែច្រវាក់ផលិតកម្មនាពេលអនាគតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “កម្ពុជាជាទីតាំងដ៏សក្តានុពលសម្រាប់ Panasonic ប្រសិនបើក្រុមហ៊ុនកំពុងពិចារណាធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួន។ កម្ពុជាមិនមែនជាទីផ្សារល្អឥតខ្ចោះទេ ប៉ុន្តែយើងជាទីផ្សារដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការវិនិយោគ ពិសេសដោយក្រុមហ៊ុនសាកលដូចជា Panasonic។”

តំណាងក្រុមហ៊ុន Panasonic បានបង្ហាញវិស័យអាទិភាពចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការនៅកម្ពុជា រួមមានប្រសិទ្ធភាពថាមពល និងដំណោះស្រាយប្រព័ន្ធ HVAC ទំនើប, ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស, ព្រមទាំងគុណភាព ស្តង់ដា និងការពង្រឹងភាពអនុលោម។ ក្រុមហ៊ុនគ្រោងនឹងនាំយកបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ពាណិជ្ជកម្មថ្មីចូលមកទីផ្សារកម្ពុជា និងបន្តគាំទ្រវិស្វករ និងនិស្សិតកម្ពុជា តាមរយៈអាហារូបករណ៍ កម្មសិក្សា កិច្ចសហការជាមួយសាកលវិទ្យាល័យ និងការបណ្តុះបណ្តាលបច្ចេកទេស ទាំងក្នុងនិងក្រៅប្រទេស។

លោក Katayama បានលើកឡើងថា៖ “កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ Panasonic ។ យើងចង់ចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងនាំយកបច្ចេកវិទ្យា និងចំណេះដឹងបច្ចេកទេសរបស់យើងមកកាន់ប្រទេសនេះ។”

Panasonic បានបង្ហាញការគាំទ្រចំពោះការអនុវត្ត និងការពង្រឹងអនុលោមភាពតាមស្តង់ដាដែលមានស្រាប់របស់កម្ពុជាឱ្យបានស្មើភាពចំពោះគ្រប់ម៉ាកផលិតផល និងផលិតផលមកពីគ្រប់ប្រទេស ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការការពារអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការបន្តវិនិយោគរបស់ Panasonic លើធនធានមនុស្សកម្ពុជា និងបានស្នើឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធលើការអប់រំអ្នកប្រើប្រាស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍នាពេលអនាគត។

ឯកឧត្តមបានបន្ថែមថា៖ “នៅពេលដែលយើងអាចបង្កើតដំណោះស្រាយ​ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងដំណោះស្រាយ​បច្ចេកវិទ្យាក្នុងស្រុកបាន ខ្ញុំគិតថា អត្ថប្រយោជន៍នឹងមានសម្រាប់ទាំង Panasonic និងទីផ្សារទូទៅ។”

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងត្រៀមលក្ខណៈក្នុងការគាំទ្រ Panasonic ប្រសិនបើក្រុមហ៊ុនសម្រេចពង្រីកខ្សែផលិតកម្ម ឬផ្នែកណាមួយនៃខ្សែច្រកវាក់ផលិតកម្មរបស់ខ្លួនមកកម្ពុជា។ ខ្លឹមសារ និងអត្ថបទ ផ្តល់ដោយ MISTI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី