2025-07-01
ឃី ភារៈ
2025-07-01
ឃី ភារៈ
ភ្នំពេញ៖ «មូលបត្ររដ្ឋ» សំដៅដល់បណ្ណ សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល រួមមាន៖ បណ្ណរតនាគារដែលមានឥណប្រតិទានតិចជាងមួយឆ្នាំ សញ្ញាបណ្ណរតនាគារ ដែលមានឥណប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ និងមូលបត្ររដ្ឋផ្សេងទៀត។ មូលបត្ររដ្ឋ គឺជាប្រភេទឧបករណ៍ហិរញ្ញវត្ថុគ្មានហានិភ័យ ដែលតែងត្រូវបានប្រើប្រាស់ជាគោលសម្រាប់កំណត់ថ្លៃ នៃឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត។
ការអភិវឌ្ឍមូលបត្ររដ្ឋ ពិតជាមានសារសំខាន់ណាស់ចំពោះការទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូចជា៖ ការពង្រឹងលំហសារពើពន្ធ ឬស្ថានភាពហិរញ្ញវត្ថុសាធារណៈ ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងសន្ទនីយភាពការអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពបត់បែន និងឯករាជ្យភាព, ការជំរុញអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ជាពិសេស ការបង្កើតបាននូវក្របខ័ណ្ឌយន្តការហិរញ្ញប្បទានជាតិមួយ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលមធ្យម និងវែង។
នៅក្នុងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច ការបោះផ្សាយលក់មូលបត្ររដ្ឋ មិនត្រឹមតែជាមធ្យោបាយគន្លឹះក្នុងការ កៀរគរទុនមកបំពេញតម្រូវការហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាឧបករណ៍សម្រាប់ធនាគារកណ្តាល ប្រើប្រាស់ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុផងដែរ ដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការ គ្រប់គ្រងរំហូររូបិយវត្ថុ និងសន្ទនីយភាពក្នុងសេដ្ឋកិច្ច។ បន្ថែមលើនេះ មូលបត្ររដ្ឋអាចផ្តល់លទ្ធភាពដល់ធនាគារ កណ្តាល ក្នុងការចូលធ្វើអន្តរាគមន៍ទីផ្សារពេលមានវិបត្តិតាមរយៈការចាក់បញ្ចូលសាច់ប្រាក់ (Quantitative Easing) ដើម្បីបំពេញតម្រូវការសន្ទនីយភាព។
ទន្ទឹមនេះ ការបោះផ្សាយលក់មូលបត្ររដ្ឋ អាចជួយទ្រទ្រង់ដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងជំរុញការធ្វើ ពិពិធកម្មប្រភពហិរញ្ញប្បទានក្នុងស្រុក តាមរយៈការបង្កើតឱ្យមានឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដូចជា៖ ឧបករណ៍និស្សន្ទ (Derivative Instruments) និងឧបករណ៍ទីផ្សាររូបិយវត្ថុ (Money Market Instruments) ជាដើម សំដៅឈានទៅធ្វើសមាហរណកម្មទីផ្សារមូលធនក្នុងតំបន់ និងសកល ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហានិភ័យ និងរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុទាំងមូល។
ម៉្យាងវិញទៀត មូលបត្ររដ្ឋ ជាឧបករណ៍វិនិយោគ ដែលមានសុវត្ថិភាព និងសន្ទនីយភាពខ្ពស់ សម្រាប់វិនិយោគិន ដោយផ្តល់នូវចំណូលការប្រាក់ថេរ និងទៀងទាត់ ហើយអាច ត្រូវបានប្រើប្រាស់ជាវត្ថុធានាសម្រាប់ដាក់ប្រាតិភោគ ព្រមទាំងអាចឱ្យវិនិយោគិនដឹងជាមុនអំពីរំហូរសាច់ប្រាក់ពី ការវិនិយោគ និងធ្វើពិពិធកម្មការវិនិយោគ៕
ប្រភពពីសៀវភៅ៖ក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣ - ២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី