SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ កម្ពុជាពី ៦,១% មក ៤,៩% ក្នុងឆ្នាំ២០២៥


ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ កម្ពុជាពី ៦,១% មក ៤,៩% ក្នុងឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពី ៦,១ភាគរយ មក ៤,៩ភាគរយ ក្នុងឆ្នាំ ២០២៥ និងពី ៦,២ភាគរយ មក ៥,០ភាគរយ សម្រាប់ឆ្នាំ២០២៦។ បើតាម ADB ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងណា ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ ជាមួយគ្នានេះ នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានលើកឡើងថា៖ «សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ»។


បើតាមលោកស្រី Jyotsana Varma វិស័យសំណង់ និងទេសចរណ៍ នឹងងើបឡើងវិញជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដោយនាយិកា ADB យល់ថាទាំងនេះ «បង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព»។ យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦,០ភាគរយ ក្នុងខែមករា មកត្រឹម ១,៦ភារយ ក្នុងខែមិថុនា។ អតិផរណា ត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0ភាគរយ ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។

ចំពោះវិស័យឧស្សាហកម្ម នឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាម៉េរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។ ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាម៉េរិក ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩% របស់អាម៉េរិកលើការនាំចូលពីកម្ពុជា។

កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថា នឹងថមថយមកត្រឹម ២,៨ភាគរយ ក្នុងឆ្នាំ២០២៥ និង ២,៦ភាគរយ ក្នុងឆ្នាំ២០២៦។ វិស័យទេសចរណ៍ បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃ ដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។

វិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១ភាគរយ ក្នុងឆ្នាំ២០២៥ និង២០២៦ ជំរុញដោយតម្រូវការនាំចេញដែលកំពុងបន្ត និងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្ម ដែលបានត្រឡប់មកពីថៃវិញ ក្នុងឆមាសទី២ នៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង ១៤,១ភាគរយ ឆ្នាំលើឆ្នាំ នៅឆមាសទីមួយឆ្នាំ ២០២៥ ដោយជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី