2026-10-20
SME News
2026-10-20
SME News
បាត់ដំបង៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយនៅវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីពង្រីកឱកាសរបស់សិស្សានុសិស្សក្នុងការទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) និងការសិក្សាតាមរយៈការអនុវត្តជាក់ស្តែង។
នេះជាបណ្ណាល័យវិទ្យាសាស្ត្រទី២ សម្រាប់ខេត្តបាត់ដំបង ដែលត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ដោយមានជំនួយឥតសំណងពីរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីបណ្ណាល័យវិទ្យាសាស្ត្រទី១ នៅវិទ្យាល័យ ហ៊ុន សែន ត្រែង ក្នុងស្រុករតនមណ្ឌល។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “សមិទ្ធផលនៅថ្ងៃនេះជាការវិនិយោគលើថ្នាលបណ្តុះចំណេះដឹង គំនិតច្នៃប្រឌិត និងមូលធនមនុស្ស សម្រាប់អ្នកជំនាន់ក្រោយនៅខេត្តបាត់ដំបង ដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង។”
បណ្ណាល័យនេះត្រូវបានបំពាក់ដោយឧបករណ៍វិទ្យាសាស្ត្រ សៀវភៅសិក្សាពាក់ព័ន្ធមុខវិជ្ជាស្ទែម និងសម្ភារសិក្សាផ្សេងៗ ដើម្បីជួយសិស្សានុសិស្សក្នុងការធ្វើពិសោធន៍ អភិវឌ្ឍជំនាញស្រាវជ្រាវ និងស្វែងយល់ចំណេះដឹងបន្ថែមពីលើមេរៀនក្នុងថ្នាក់។
បណ្ណាល័យក៏មានបំពាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាត និងម៉ាស៊ីនត្រជាក់ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ក្រោមការឧបត្ថម្ភពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងកុំព្យូទ័រដែលឧបត្ថម្ភដោយក្រុមហ៊ុន K&K Pipe ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តសិស្សានុសិស្សឱ្យប្រើប្រាស់ធនធានបណ្ណាល័យនេះឱ្យបានពេញលេញ សម្រាប់ការសិក្សាស្រាវជ្រាវ ការធ្វើពិសោធន៍ ការវិភាគបញ្ហា និងការចែករំលែកចំណេះដឹង ព្រមទាំងបណ្តុះស្មារតីចង់ចេះចង់ដឹង ហ៊ានសួរ ហ៊ានសាកល្បង និងមិនខ្លាចបរាជ័យ ដើម្បីប្រែក្លាយបណ្ណាល័យនេះឱ្យទៅជាមជ្ឈមណ្ឌលសិក្សាដ៏រស់រវើក មិនមែនគ្រាន់តែជាកន្លែងតម្កល់សៀវភៅនោះទេ។
លោកស្រីបណ្ឌិត Tanu Priya ភារធារីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ពីភាពជាដៃគូរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់វិស័យអប់រំ និងការសិក្សាផ្នែកវិទ្យាសាស្ត្រ។
លោកស្រីបានលើកឡើងថា៖ “ពិធីសម្ពោធនៅថ្ងៃនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងភាពជាដៃគូដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសឥណ្ឌា និងកម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការពង្រឹងវិស័យអប់រំ ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងការបង្កើនឱកាសសម្រាប់យុវជន។”
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏មានផែនការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រមួយទៀតនៅវិទ្យាល័យស្ទឹងសែន ក្នុងខេត្តកំពង់ធំ ដើម្បីបន្តពង្រីកឱកាសទទួលបានចំណេះដឹងវិទ្យាសាស្ត្រ និងការសិក្សាតាមរយៈការអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សកម្ពុជា។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី