2026-10-28
SME News
2026-10-28
SME News
ភ្នំពេញ៖ អង្គភាពសារព័ត៌មាន SME News បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ចំណេះដឹង ការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ព្រមទាំងពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក្នុងការបំពេញតួនាទីវិជ្ជាជីវៈ ស្របតាមច្បាប់ និងក្រមសីលធម៌សារព័ត៌មាន។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញ ថ្លែងមតិសំណេះសំណាល តម្រង់ទិសដល់អ្នកសារព័ត៌មាន និងប្រកាសបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ។
ក្នុងឱកាសនោះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ បានផ្តល់ការណែនាំ និងតម្រង់ទិសដល់អ្នកចូលរួមឱ្យយកចិត្តទុកដាក់លើការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ដោយសារការបំពេញការងាររបស់អ្នកសារព័ត៌មានត្រូវមានមូលដ្ឋានច្បាស់លាស់ និងការទទួលខុសត្រូវចំពោះសង្គម។ ការយល់ដឹងអំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាចំណុចសំខាន់ក្នុងការធានាថា ការផ្សព្វផ្សាយព័ត៌មានមានភាពត្រឹមត្រូវ តុល្យភាព និងគោរពសិទ្ធិរបស់បុគ្គល ព្រមទាំងផលប្រយោជន៍សាធារណៈ។
វគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» នេះ មានការអញ្ជើញធ្វើបទបង្ហាញពីគ្រូបង្គោល ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំនួន៣រូប រួមមាន ឯកឧត្តម ឡាំ ម៉ារឌីយ៉ា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន, ឯកឧត្តមបណ្ឌិត សេឡុះ អាល់ហ្វី អនុរដ្ឋលេខាធិការ, និង លោក នៅ ពិសិដ្ឋ អគ្គលេខាធិការរង ដោយបានសិក្សាលើប្រធានបទសំខាន់ៗរួមមាន៖
• ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងអំពីក្របខណ្ឌច្បាប់ដែលអ្នកសារព័ត៌មានត្រូវអនុវត្ត។
• ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីស្វែងយល់ពីគោលការណ៍ និងស្តង់ដារនៃការប្រកបវិជ្ជាជីវៈ។
• ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកច្បាប់របស់អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ការអនុវត្តការងារប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។
• ការពិនិត្យព័ត៌មាន និង Synthetic Media and Synthetic Disinformation ស្តីពីផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និងការស្វែងយល់ពីព័ត៌មានក្លែងក្លាយ។
ជាការកត់សម្គាល់ ការសិក្សាអំពីព័ត៌មានក្លែងក្លាយ និងប្រព័ន្ធផ្សព្វផ្សាយសំយោគ (Synthetic Media) មានសារៈសំខាន់ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យអ្នកសារព័ត៌មានមានសមត្ថភាពពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មាន រូបភាព វីដេអូ និងខ្លឹមសារឌីជីថល មុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ។
សម្រាប់អង្គភាពសារព័ត៌មាន SME News ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ព្រមទាំងជំរុញឱ្យការបំពេញការងារផលិត និងផ្សព្វផ្សាយព័ត៌មានកាន់តែមានគុណភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវ។
តាមរយៈការបណ្តុះបណ្តាល និងការបន្តសិក្សាស្វែងយល់ជាប្រចាំ អង្គភាពសារព័ត៌មាន SME News ប្តេជ្ញាចូលរួមលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ដើម្បីបម្រើសេចក្តីត្រូវការព័ត៌មានរបស់សាធារណជន និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញថ្លែងសុន្ទរកថា និងផ្តល់មតិផ្តាំផ្ញើ ព្រមទាំងអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណ និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួមផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី