2025-07-09
គិត បុប្ផា
2025-07-09
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ខ. ត្រូវបានរដ្ឋាភិបាល តែងតាំងជាប្រធានក្រុមការងារសិក្សាលើការពង្រឹង ការប្រមូលចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (E-commerce)។
ក្រៅពីការតែងតាំង ឯកឧត្តមបណ្ឌិត គង់ ម៉ារី ជាប្រធាន ក្នុងសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កាលពីថ្ងៃទី១ ខែកក្កដា ក៏បានតែងតាំងអនុប្រធានចំនួន ៨រូប និងសមាជិកចំនួន ៧១រូប ជាក្រុមការងារសិក្សាលើការពង្រឹង ការប្រមូលចំណូលពីពាណិជ្ជកម្មតាម E-commerce។
សេចក្តីសម្រេចដដែល បញ្ជាក់ថា ក្រុមការងារខាងលើ ត្រូវមានភារកិច្ចសិក្សា និងរៀបចំយន្តការ ដែលកំណត់ជាកាតព្វកិច្ចចំពោះការប្រមូលអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ទំនិញ និងសេវាលើថ្នាលឌីជីថល ដោយអ្នកផ្គត់ផ្គង់និវាសនជន និងអ្នកផ្គត់ផ្គង់អនិវាសនជន និងធានាភាពមិនត្រួតគ្នានៃការប្រមូលពន្ធ និងត្រូវគ្រប់គ្រងលើថ្នាល E-commerce Platform ដើម្បីប្រមូលពន្ធអាករគយលើទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រុមការងារ ក៏មានតួនាទីសិក្សាសមិទ្ធិលទ្ធភាពអនុវត្តពន្ធលើសេវាកម្មឌីជីថល ការកំណត់អត្រាពន្ធ ការវិភាគចំណេញ ខាត (Costs and Benefits) និងនីតិវិធីរដ្ឋបាលនៃការអនុវត្តពន្ធនេះ, រៀបចំក្របខ័ណ្ឌថ្នាលព័ត៌មានឌីជីថល (Framework for Digital Platforms) សម្រាប់ប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងប្រាក់ចំណូលរូបវន្តបុគ្គល និងក្រុមហ៊ុន ការផ្តល់ សេវាស្នាក់នៅ ការធ្វើដំណើរ និងសេវាផ្សេងទៀត និងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន (Cross-border Exchange of Tax Information) ដោយ សហការរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសដៃគូ តាមរយៈផ្ទាលឌីជីថលរួម (Single Portal Digital Platform) ដែលអាចរាយ-ការណ៍ផ្ទាល់ទៅរដ្ឋបាលពន្ធ និងផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិលើកាតព្វកិច្ចបង់ពន្ធ និងការស្នើសុំ ការលើកលែងពន្ធ។
ក្រុមការងារទាំងអស់ ត្រូវសិក្សា វាយតម្លៃ និងពិនិត្យលើទំហំនៃការបាត់បង់ចំណូល និងកំណត់បញ្ហាប្រឈមនានាក្នុងការប្រមូលចំណូលពី E-commerce ព្រមទាំងបញ្ហាប្រឈមលើការរៀបចំគោលនយោបាយពន្ធដារ និងពន្ធគយ ទាំងលើទិដ្ឋភាពផ្នែកច្បាប់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ពង្រឹងយន្តការគ្រប់គ្រងអាជីវកម្មអនឡាញ និងពាណិជ្ជកម្មសង្គម (Social Commerce) ដើម្បីធានាអនុលោមភាព និងប្រសិទ្ធភាពខ្ពស់នៃការប្រមូលពន្ធ។
ជាមួយគ្នានេះ ក្រុមការងារ ត្រូវរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងទស្សនកិច្ចសិក្សា ដើម្បីពិគ្រោះយោបល់ ប្រមូលធាតុចូល រៀនសូត្រ និងដកស្រង់ពិសោធពីឧត្តមានុវត្តន៍ជាតិ និងអន្តរជាតិ ពាក់ព័ន្ធការប្រមូលចំណូលពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក, រៀបចំរបាយការណ៍វឌ្ឍនភាពការងារ សមិទ្ធកម្ម និងរបាយការណ៍សិក្សាពាក់ព័ន្ធ ដាក់ជូនគណៈ-កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ពិនិត្យ អនុម័ត និងលើកយោបល់ជូនរាជរដ្ឋាភិបាល និងបំពេញតួនាទី និងភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីប្រធានគណៈកម្មាធិការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី