2026-07-24
SME News
2026-07-24
SME News
ភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។
កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងការកែលម្អយន្តការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាព និងផលវិជ្ជមានកាន់តែខ្ពស់សម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ខណៈដែលកម្ពុជាកំពុងខិតខំជំរុញបរិវត្តកម្មសេដ្ឋកិច្ច សហគ្រិនភាពដើរតួកាន់តែសំខាន់ ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ យើងត្រូវបន្តសហការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីឱ្យសហគ្រិនកម្ពុជាអាចប្រែក្លាយគំនិត ទៅជាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង។”
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាល បានពិភាក្សា និងអនុម័តទិសដៅការងារដូចខាងក្រោម៖
ពង្រីកការគាំទ្រសហគ្រិនភាពទៅកាន់បណ្តាខេត្ត និងត្រៀមសហគ្រិនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច៖ សហគ្រិនខ្មែរ បន្តពង្រីកការអភិវឌ្ឍសមត្ថភាពសហគ្រិន តាមរយៈការបណ្តុះបណ្តាល ការផ្តល់ប្រឹក្សាបច្ចេកទេស ការលើកកម្ពស់ចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិត ដល់សហគ្រិននៅតាមបណ្តាខេត្ត។ ទន្ទឹមនឹងនេះ កម្មវិធីសហគ្រិនវិទ្យាល័យ និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានពង្រីកទៅកាន់១៧៥ វិទ្យាល័យ-គ្រឹះស្ថានឧត្តមសិក្សាទូទាំង ២៥ រាជធានី-ខេត្ត ដោយផ្តល់ឱកាសដល់សិស្ស-និស្សិតចូលរួមបង្ហាញគំនិតអាជីវកម្ម។
ពង្រឹងតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ សហគ្រិនខ្មែរ បន្តពង្រឹងកិច្ចសហការរវាងស្ថាប័នសាធារណៈ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។ តាមរយៈកម្មវិធីមគ្គទេសក៍ ធុរកិច្ចខ្មែរ ក្រោមកិច្ចសហការជាមួយដៃគូនៅកូរ៉េខាងត្បូង និងប្រទេសស្វីស ធុរកិច្ចថ្មីចំនួន ៧ ទទួលបានឱកាសឈានចូលដំណាក់កាលពិនិត្យសក្តានុពលវិនិយោគ (investment due diligence) សម្រាប់ចូលទៅកាន់ទីផ្សារអន្តរជាតិនៅប្រទេសសិង្ហបុរី និងទទួលបានទុនវិនិយោគដំណាក់កាលដំបូង។ កម្មវិធីនេះជាផ្នែកមួយនៃការអនុវត្តផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ២០២៥-២០៣៥ ដែលសហគ្រិនខ្មែរ សហការជាមួយដៃគូពាក់ព័ន្ធជាច្រើន កំពុងជំរុញការអនុវត្ត និងកំណត់អាទិភាពដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា។
ពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរទាំងក្នុងស្រុក និងអន្តរជាតិ៖ សហគ្រិនខ្មែរ បន្តគាំទ្រ សហគ្រិនក្នុងការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពប្រកួតប្រជែង។ តាមរយៈកិច្ចសហការជាមួយនឹងផ្សារ ទំនើបអ៊ីអន សហគ្រិនខ្មែរ បានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកដែលមាន ១១២ សហគ្រាស ចូលរួម តាំងបង្ហាញផលិតផលចំនួន ៩៤៦ មុខ។ សហគ្រិនខ្មែរ ក៏បន្តផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារ អន្តរជាតិ តាមរយៈថ្នាលឌីជីថល ដើម្បីបង្កើនការទទួលស្គាល់ និងពង្រីកឱកាសទីផ្សារបន្ថែមទៀត។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ការអភិវឌ្ឍសហគ្រិនភាព មិនអាចផ្តាច់ចេញពីការពង្រឹងយុទ្ធសាស្រ្តអាជីវកម្ម និងគុណភាព របស់ផលិតផលបានឡើយ។ តាមរយៈការពង្រីកការគាំទ្រសម្រាប់សហគ្រិន ការពង្រឹងភាពជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី និងការបង្កើតឱកាសទីផ្សារ សហគ្រិនអាចបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតផលខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។”
ក្នុងកិច្ចប្រជុំលើកទី២០នេះ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបន្តផ្តល់ការគាំទ្រ និងផ្តល់ទិសដៅអាទិភាព សម្រាប់សហគ្រិនខ្មែរ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ។ ខ្លឹមសារ និងរូបភាព ផ្ដល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី