2026-11-20
SME News
2026-11-20
SME News
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តង់ដារជាតិ នឹងបន្តទទួលយកធាតុចូលបច្ចេកទេសលើសេចក្តីព្រាងស្តង់ដារជាតិស្តីពីអាហាររូបត្ថម្ភសម្រាប់ទារក និងកុមារតូច បន្ទាប់ពីតំណាងវិស័យឯកជនបានស្នើសុំផ្តល់យោបល់ និងការពិនិត្យបន្ថែម ដើម្បីធានាថាស្តង់ដារនេះអាចការពារសុខភាពសាធារណៈ គិតគូរពីការទទួលយករបស់ទីផ្សារ និងសមត្ថភាពរបស់អ្នកផលិតក្នុងស្រុក។
ធាតុចូលពីវិស័យឯកជនលើសេចក្តីព្រាងស្តង់ដារនេះ ត្រូវបានពិភាក្សាក្នុងជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងគណៈប្រតិភូសមាគមអាហារូបត្ថម្ភសម្រាប់ទារក និងកុមារតូច ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APIYCNA) ដឹកនាំដោយលោកស្រី Dian Febriani។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ស្តង់ដារនេះត្រូវផ្តោតលើការការពារសុខភាពកុមារ ទន្ទឹមនឹងនោះរក្សាតុល្យភាពតម្លៃទីផ្សារផលិតផលអាហារូបត្ថម្ភឱ្យស្ថិតក្នុងកម្រិតដែលគ្រួសារអាចមានលទ្ធភាពទិញបាន និងមិនកំណត់លក្ខខណ្ឌតម្រូវដែលលើសពីសមត្ថភាពរបស់អ្នកផលិតក្នុងស្រុក ជាពិសេសសហគ្រាសខ្នាតតូច។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "យើងចង់បានស្តង់ដារខ្ពស់ ដើម្បីការពារសុខភាពសាធារណៈ ប៉ុន្តែយើងក៏ត្រូវគិតគូរពីសមត្ថភាពជាក់ស្តែងរបស់អ្នកផលិតក្នុងស្រុកផងដែរ។ ការអនុវត្តជាជំហានៗ និងស្របតាមស្ថានភាពជាក់ស្តែង នឹងអនុញ្ញាតឱ្យសហគ្រាសពង្រឹងសមត្ថភាព និងអាចបំពេញលក្ខខណ្ឌតម្រូវនៃ
ស្តង់ដារកាន់តែខ្ពស់ជាបន្តបន្ទាប់។"
ឯកឧត្តមក៏បានជំរុញឱ្យតំណាងឧស្សាហកម្មផលិតអាហាររូបត្ថម្ភសម្រាប់កុមារ ពិចារណាបង្កើនការប្រើប្រាស់វត្ថុធាតុដើមពីកសិករ និងសហគ្រាសកែច្នៃអាហារកម្ពុជា ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ចំណីអាហារ។
ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកជំនាញក្នុងវិស័យឯកជន ចូលរួមផ្តល់ធាតុចូលក្នុងការរៀបចំ និងពិនិត្យស្តង់ដារអាទិភាព តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា និងយន្តការស្តង់ដារអន្តរជាតិនានា ព្រមទាំងបានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធស្តង់ដារជាតិ ដែលរហូតមកដល់ពេលនេះ បានអនុម័តស្តង់ដារកម្ពុជា ចំនួន ១.៣០៩ ដោយក្នុងនោះមានជាង ១០០ ស្តង់ដារត្រូវបានអនុម័តក្នុងឆ្នាំ២០២៦នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការចុះបញ្ជីផលិតផល ការធ្វើតេស្តវិភាគផលិតផលអាហារ និងការសម្របសម្រួលស្ថាប័នអនុវត្តច្បាប់ ដើម្បីពង្រឹងភាពអនុលោមតាមលក្ខខណ្ឌតម្រូវ និងបង្កើនទំនុកចិត្ត លើផលិតផលដែលចរាចរលើទីផ្សារកម្ពុជា។
លោកស្រី Dian Febriani បានលើកឡើងថា សមាគម APIYCNA អាចចែករំលែកចំណេះដឹងវិទ្យាសាស្ត្រ បទពិសោធន៍ក្នុងតំបន់ និងផ្តល់ធាតុចូលបច្ចេកទេសពាក់ព័ន្ធនឹងស្តង់ដារចំណីអាហាររបស់អង្គការស្តង់ដារអាហារ Codex។
សមាគមក៏បានផ្តល់ជាធាតុចូលបច្ចេកទេសលើសេចក្តីព្រាងស្តង់ដារនេះ ដោយសង្កត់ធ្ងន់លើសង្គតិភាពជាមួយបទប្បញ្ញត្តិរបស់កម្ពុជា និងស្តង់ដារអន្តរជាតិ ព្រមទាំងការគិតគូរពីបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែង។
សមាគម APIYCNA តំណាងឱ្យក្រុមហ៊ុនធំៗចំនួនប្រាំក្នុងវិស័យអាហារូបត្ថម្ភសម្រាប់ទារក និងកុមារតូច រួមមាន Abbott, Danone, FrieslandCampina, Nestlé និង Reckitt។ សមាគមបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងស្វែងរកលទ្ធភាពបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានរចនាសម្ព័ន្ធកាន់តែច្បាស់លាស់ជាមួយក្រសួង។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី