2026-07-31
SME News
2026-07-31
SME News
ភ្នំពេញ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូយុវជនមកពីប្រទេសទីម័រ-ឡេស្តេ បានមកបំពេញទស្សនកិច្ចនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសិក្សាពីបទពិសោធន៍អភិវឌ្ឍន៍របស់កម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍឧស្សាហកម្ម។
គណៈប្រតិភូដែលចូលរួមក្នុងកម្មវិធី Futuru Lider ba ASEAN (FLBA) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំអាស៊ាន សម្រាប់យុវជន និងមេដឹកនាំជំនាន់អនាគតរបស់ទីម័រ-ឡេស្តេ បានជួបជាមួយឯកឧត្តមបណ្ឌិត ហ៊ុលសៀងហេង អនុរដ្ឋលេខាធិការរងនៃក្រសួងឧស្សាហកម្ម ក្នុងជំនួបសម្តែងការគួរសម ដែលធ្វើឡើងនៅទីស្តីការក្រសួងក្នុងរាជ ធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកម្មវិធីសិក្សាស្វែងយល់រយៈពេលប្រាំថ្ងៃ ដែលរៀបចំឡើង ដើម្បីជួយអ្នកដឹកនាំវ័យក្មេងទីម័រ-ឡេស្តេ សិក្សាអំពីក្របខ័ណ្ឌគោលនយោបាយ ការអភិវឌ្ឍស្ថាប័ន និងបរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
គណៈប្រតិភូយុវជនទីម័រ-ឡេស្តេ ដឹកនាំដោយលោក Avelino Fernandes Ximenes Pereira លេខាទីមួយនៃស្ថានទូតទីម័រ-ឡេស្តេ ប្រចាំកម្ពុជា និងរួមមានសមាជិកដែលមានប្រវត្តិការងារចម្រុះ ដូចជាគោលនយោបាយសាធារណៈ ការអប់រំ សុខាភិបាល អភិបាលកិច្ច និងការអភិវឌ្ឍសហគមន៍។
គោលបំណងនៃដំណើរទស្សនកិច្ចគឺដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីដំណើរអភិវឌ្ឍន៍ របស់កម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គណៈប្រតិភូបានស្វែងយល់អំពីរបៀបដែលកម្ពុជារៀបចំ និងអនុវត្តគោលនយោបាយ ដើម្បីជំរុញការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស និងកំណើនដែលជំរុញដោយនវានុវត្តន៍ ស្របតាមក្របខ័ណ្ឌអាស៊ាន។
ក្នុងជំនួបនោះ ឯកឧត្តម ហ៊ុល សៀងហេង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់បរិវត្តកម្មឧស្សាហកម្ម ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងរបស់ជាតិ។
ឯកឧត្តមបានលើកឡើងថា៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់កសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងគាំទ្រដល់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម។ កម្ពុជារីករាយក្នុងការចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបានជាមួយមិត្តភក្តិរបស់យើងពីទីម័រ-ឡេស្តេ ខណៈដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់ការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសហគមន៍អាស៊ាន។”
គណៈប្រតិភូយុវជនទីម័រ-ឡេស្តេ បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះបទពិសោធន៍របស់កម្ពុជាក្នុងការរៀបចំគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការកសាងស្ថាប័នស្រាវជ្រាវ និងនវានុវត្តន៍ ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងវិស័យឯកជន។
គណៈប្រតិភូក៏បានផ្លាស់ប្តូរទស្សនៈ និងស្វែងរកបទពិសោធន៍អំពីរបៀបដែលកម្ពុជាគាំទ្រសហគ្រិនភាព អភិវឌ្ឍធនធាន មនុស្ស និងប្រើប្រាស់នវានុវត្តន៍ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្តម ហ៊ុល សៀងហេង បានបន្ថែមថា៖ “កម្ពុជាផ្តល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហការជាមួយ ទីម័រ-ឡេស្តេ លើវិស័យដែលជាផលប្រយោជន៍រួម។ ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជានៅតែប្តេជ្ញាចិត្តគាំទ្រដល់ភាពជាដៃគូក្នុងតំបន់ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។”
ដំណើរទស្សនកិច្ចបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រ-ឡេស្តេ ក្នុងការសិក្សាពីបទពិសោធន៍របស់ បណ្តាប្រទេសសមាជិកអាស៊ាន ខណៈដែលប្រទេសនេះបន្តរៀបចំស្ថាប័ន និងធនធានមនុស្សរបស់ខ្លួន សម្រាប់ ការចូលរួមកាន់តែស៊ីជម្រៅក្នុងតំបន់។ ខ្លឹមសារ និងអត្ថបទផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី