SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងអង្ការ FAO ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម


ក្រសួងឧស្សាហកម្ម និងអង្ការ FAO ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម
A+ A-

ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប លោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ ដោយបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះលោកស្រី Rebekah Bell និងអង្គការ FAO ដែលបានរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា និងគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដារ មាត្រាសាស្ត្រ ការធ្វើតេស្តវិភាគ និងការវាយតម្លៃទទួលស្គាល់ ដើម្បីគាំទ្រដល់ការកែច្នៃ ផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការនាំចេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "យើងជឿជាក់ថា កម្ពុជាអាចទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីជំនាញបច្ចេកទេសរបស់អង្គការ FAO ក្នុងឧស្សាហកម្មអាហារ។"

ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជួយគាំទ្រកសិករ និងសហគ្រាសកែច្នៃអាហារ ក្នុងការចាប់យកបច្ចេកវិទ្យា លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងរក្សាតម្លៃបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងប្រទេស។

លោកស្រី Rebekah Bell បានសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍស្តង់ដារ និងការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ជាពិសេសការកំណត់ឱ្យវិទ្យាស្ថានស្តង់ដារកម្ពុជា ធ្វើជាស្ថាប័នបង្គោលជាតិសម្រាប់គណៈកម្មការក្រមស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius)។

លោកស្រីបានចាត់ទុកការពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខជាមួយក្រសួង។

លោកស្រី Rebekah Bell បានលើកឡើងថា៖ "តាមរយៈការពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ យើងនឹងអាចលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងបង្កើនលទ្ធភាពនាំចេញរបស់កម្ពុជា។"

ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសក្នុងការទទួលបានជំនួយបច្ចេកទេសតាមរយៈយន្តការ Codex ភាពជាដៃគូទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសម្រាប់វិស័យជលផល វារីវប្បកម្ម និងការផលិតបន្លែ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការគាំទ្រអាទិភាពទាំងនេះ តាមរយៈការបន្តអភិវឌ្ឍស្តង់ដារ ការចាប់យកបច្ចេកវិទ្យា ការស្រាវជ្រាវ និងការកែច្នៃផលិតផលកសិកម្ម។

លោកស្រី Rebekah Bell បានបំពេញបេសកកម្មនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី