2026-07-06
SME News
2026-07-06
SME News
ភ្នំពេញ៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានជួបពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ កិច្ចពិភាក្សាបានរំលេចនូវសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត កំណែទម្រង់ស្ថាប័ន ការកសាងសមត្ថភាព និងកំណត់ទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលបន្ទាប់។
នៅក្នុងកិច្ចប្រជុំបញ្ចប់បេសកកម្មរបស់ក្រុមការងារត្រួតពិនិត្យគម្រោង ភាគីទាំងបីបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសំខាន់ៗ រួមមានគម្រោងរោងចក្រទឹកស្អាតបាក់ខែងដំណាក់កាលទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្ត និងកម្មវិធីហិរញ្ញប្បទានសម្រាប់គម្រោងទីក្រុងដែលងាយរស់នៅ។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសរំលេចអំពីកំណែទម្រង់ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ដើម្បីពង្រឹងនិរន្តរភាពនៃវិស័យទឹកស្អាត តាមរយៈការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ប្រសិទ្ធភាពរបស់រដ្ឋាករទឹក កំណែទម្រង់ប្រព័ន្ធនិយតកម្ម និងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ក្រសួងមានសុទិដ្ឋិនិយមចំពោះអនាគតនៃវិស័យទឹកស្អាតរបស់កម្ពុជា។ យើងមានចក្ខុវិស័យច្បាស់លាស់ ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងមានក្រុមការងារដែលមានការប្តេជ្ញាចិត្តខ្ពស់។ ទោះបីនៅមានបញ្ហាប្រឈមក៏ដោយ យើងជឿជាក់ថា យើងអាចជម្នះបញ្ហាបាន ប្រសិនបើយើងបន្តធ្វើការរួមគ្នា។”
ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពនៃការរៀបចំបង្កើតនិយតករទឹកស្អាត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញទឹកស្អាត ដោយចាត់ទុកថាជាការវិនិយោគដ៏សំខាន់ក្នុងការកសាងសមត្ថភាពសម្រាប់វិស័យទាំងមូល។
លោកស្រី Sandrine Boucher នាយិកាប្រចាំប្រទេសរបស់ AFD ដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា បានកោតសរសើរសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបី និងបានបញ្ជាក់ការប្តេជ្ញាចិត្តរយៈពេលវែងរបស់បារាំង និងសហភាពអឺរ៉ុប ក្នុងការគាំទ្រវិស័យទឹកស្អាតនៅកម្ពុជា។
លោកស្រីនាយិកាបានលើកឡើងថា៖ “ការពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត បាននាំមកនូវការផ្លាស់ប្តូរយ៉ាងសំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ កិច្ចសហប្រតិបត្តិការរបស់បារាំង មិនត្រឹមតែផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកសាងស្ថាប័នដែលរឹងមាំ និងមាននិរន្តរភាពផងដែរ។”
លោកស្រីបានចាត់ទុកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានា រវាងក្រសួង រដ្ឋាករទឹក និងដៃគូអភិវឌ្ឍន៍ ថា «មានលក្ខណៈពិសេស» ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំ និងការធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។
លោកស្រី Olivia Gervasoni ប្រធានស្តីទីផ្នែកសហប្រតិបត្តិការ នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈជំនួយសម្រាប់ពង្រីកការតបណ្តាញទឹកស្អាតជូនដល់ក្រុមគ្រួសារ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញទឹកស្អាត និងកម្មវិធីអាហារូបករណ៍ Global Gateway សម្រាប់អភិវឌ្ឍធនធានមនុស្សក្នុងវិស័យទឹកស្អាតរបស់កម្ពុជានាពេលអនាគត។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី