2026-07-08
SME News
2026-07-08
SME News
ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងនវានុវត្តន៍ករស្ត្រី ឈានមុខប្រមាណ ១៣៥ រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសជាសមាជិកអាស៊ាន បានជួបជុំគ្នា ក្នុង “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២” ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ផ្តោតលើការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការដោះស្រាយឧបសគ្គសំខាន់ៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សន្និសីទនេះត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា ហ្គានឌីណាហ្គា (Indian Institute of Technology Gandhinagar) ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា (AISTDF)។
សន្និសីទក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» ផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមានសន្តិសុខស្បៀង ថាមពលប្រកបដោយចីរភាព ការអប់រំប្រកបដោយសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។
ថ្លែងក្នុងសុន្ទរថាតាមប្រព័ន្ធវីដេអូអនឡាញ ឯកឧត្តមសាស្ត្រាចារ្យ Umesh Waghmare លេខាធិការនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋឥណ្ឌា បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងឥណ្ឌា និងអាស៊ាន មានប្រវត្តិដ៏យូរអង្វែង ព្រមទាំងបានគូសរំលេចពីសារសំខាន់នៃការកសាងប្រព័ន្ធនវានុវត្តន៍ប្រកបដោយបរិយាបន្នសម្រាប់តំបន់។
ឯកឧត្តមសាស្ត្រាចារ្យ Waghmare បានលើកឡើងថា៖ “អ្នកវិទ្យាសាស្ត្រ នវានុវត្តន៍ករ និងសហគ្រិន ស្ត្រី កំពុងរួមចំណែកយ៉ាសំខាន់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប៉ុន្តែពួកគេនៅបន្តប្រឈមនឹងបញ្ហាដែលទាមទារឱ្យមានការគាំទ្រកាន់តែខ្លាំងឡើងពីស្ថាប័ន បណ្តាញវិជ្ជាជីវៈ និងការផ្តល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។”
សន្និសីទរយៈពេល៣ថ្ងៃនេះមានកម្មវិធីអមជាច្រើន ដូចជាកិច្ចពិភាក្សាតុមូលពហុភាគីចំនួន១០ និងកម្មវិធីប្រកួតប្រជែងគំនិតនវានុវត្តន៍ ដែលអ្នកស្រាវជ្រាវជាស្ត្រី នឹងធ្វើបទបង្ហាញអំពីដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពួកគេ។
ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងរួមចំណែកពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផលដែលអាចធ្វើពាណិជ្ជកម្មបាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម។
ឯកឧត្តម Souksavath Sihapanya អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្វេកវិទ្យា និងនវានុវត្តន៍ អាស៊ាន (ASEAN COSTI) បានសង្កត់ធ្ងន់ថា សន្និសីទនេះគាំទ្រដល់ការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣០ ដោយលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រព័ន្ធនវានុវត្តន៍តំបន់។
ឯកឧត្តម Sihapanya បានលើកឡើងថា៖ “សន្និសីទនេះផ្តល់ឱកាសពិសេសសម្រាប់បង្កើនសំឡេងរបស់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករស្ត្រី។ ភាពជាអ្នកដឹកនាំរបស់ពួកគេមានសារសំខាន់ណាស់ក្នុងការធានាថា សហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់យើង មានបរិយាបន្ន ភាពចម្រុះ និងឥទ្ធិពលវិជ្ជមាន។”
ថ្លែងក្នុងពិធីបើកសន្និសីទ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងផ្លាស់ប្តូរពិភពលោកយ៉ាងឆាប់រហ័ស ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យនេះជាសសរស្តម្ភគន្លឹះ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ ដែលរួមមានគោលដៅសម្រេចឱ្យបាននិស្សិតដែលបញ្ចប់ការសិក្សាផ្នែក STEM ជាស្ត្រី យ៉ាងហោចណាស់ ៥០% ។
ឯកឧត្តម ញឹម ខេមរា បានលើកឡើងថា៖ “ប្រទេសជាតិមួយមិនអាចបង្កើតនវានុវត្តន៍អស់សក្តានុពល ដោយមិនប្រើធនធានមានទេពកោសល្យ ជាពិសេសស្ត្រី បានទេ។ យើងត្រូវតែផ្តល់អំណាចដល់ស្ត្រីឱ្យក្លាយជាកម្លាំងចលករដ៏សកម្មក្នុងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ ដោយធ្វើយ៉ាងណាឱ្យពួកគេក្លាយជាអ្នកដឹកនាំ នវានុវត្តន៍ករ និងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។”
ទោះបីអ្នកវិទ្យាសាស្ត្រស្ត្រីបាន និងកំពុងរួមចំណែកជាទស្សនវិស័យ ភាពច្នៃប្រឌិត និងជំនាញដ៏មានតម្លៃ សម្រាប់ពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍ ពួកគេនៅមានចំនួនតិចតួចនៅឡើយក្នុងវិស័យវិទ្យាសាស្ត្រកម្រិតខ្ពស់ និងតួនាទីជាអ្នកដឹកនាំ។
សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ មានគោលបំណងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រីកបណ្តាញវិជ្ជាជីវៈ និងជំរុញឱ្យស្ត្រីកាន់តែច្រើន ក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី