SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វេទិកាអ្នកប្រកបអាជីវកម្មសាឡននៅកម្ពុជាឆ្នាំ២០២៦ ភ្ជាប់អ្នកប្រកបអាជីវកម្មសាឡន ទៅនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ


វេទិកាអ្នកប្រកបអាជីវកម្មសាឡននៅកម្ពុជាឆ្នាំ២០២៦ ភ្ជាប់អ្នកប្រកបអាជីវកម្មសាឡន ទៅនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ
A+ A-

ភ្នំពេញ៖​ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាអ្នកប្រកបអាជីវកម្មសាឡននៅកម្ពុជា ឆ្នាំ២០២៦ បានបើកជាផ្លូវការ ដោយមានម្ចាស់អាជីវកម្មសាឡន អ្នកជំនាញផ្នែកសម្រស់ អ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសាឡនជាង ២.០០០នាក់ មកពីទូទាំងប្រទេសចូលរួម។

វេទិកានេះផ្តោតលើការផ្សារភ្ជាប់អ្នកប្រកបអាជីវកម្មសាឡន ជាមួយនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការគាំពារសង្គម ការអភិវឌ្ឍជំនាញ ដំណោះស្រាយឌីជីថល ការធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាល និងដៃគូបាននិងកំពុងរៀបចំជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា អ្នកថែសម្ផស្ស អ្នកប្រកបអាជីវកម្មសាឡន និងជាងកាត់សក់ ស្ថិតក្នុងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព ក្រោម ‘យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨’ ។

កាលពីខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យកម្មករ-និយោជិត បុគ្គលស្វ័យនិយោជន៍ និងសហគ្រាសធុនមីក្រូ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះដោយស្ម័គ្រចិត្ត និងឥតបង់ថ្លៃ។

គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សំណើចុះឈ្មោះជាង ៤៦៥.០០០ លើថ្នាលឌីជីថលនេះ ត្រូវបានអនុម័ត ដោយផ្តល់វិញ្ញាបនបត្រឌីជីថលជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ប្រើប្រាស់ដើម្បីស្នើសុំអត្ថប្រយោជន៍នានា។

អត្ថប្រយោជន៍បច្ចុប្បន្នរួមមាន ការស្នើចូលជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍, បណ្ណជំនាញតម្លៃ ១៥០ដុល្លារ, បណ្ណជំនួយសម្រាប់ដំណោះស្រាយឌីជីថលតម្លៃ ១លានរៀល, កញ្ចប់ធានារ៉ាប់រង, សេវាឌីជីថលសម្រាប់ការលក់ និងគ្រប់គ្រងអាជីវកម្ម, ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងហិរញ្ញវត្ថុ សហគ្រិនភាព និងជំនាញឌីជីថល។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការចុះឈ្មោះមិនមែនគ្រាន់តែដើម្បីទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាការបើកច្រកទៅរកអត្ថប្រយោជន៍ និងឱកាសថ្មីៗសម្រាប់ការរីកចម្រើន។”

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចុះឈ្មោះបានសម្រេចមិនមានន័យថានឹងទទួលបានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិទេ តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវស្នើសុំអត្ថប្រយោជន៍នីមួយៗទៅតាមលក្ខខណ្ឌកំណត់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍អំពីម្ចាស់សាឡនតូចមួយ ដោយប្រៀបធៀបភាពខុសគ្នា រវាងការមិនបានចុះឈ្មោះ និងការចុះឈ្មោះដែលអាចទទួលបានអត្ថប្រយោជន៍ជាក់ស្តែង ដោយបញ្ជាក់ថា៖ “សាឡនដដែល ម្ចាស់ដដែល ប៉ុន្តែឱកាសនិងការគាំទ្រ គឺពិតជាខុសគ្នាច្រើន។”

លោកស្រី ហង់ វុត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរសាឡន បានលើកឡើងពីការរីកចម្រើនផ្នែកវិជ្ជាជីវៈសាឡន និងសក្តានុពលសេដ្ឋកិច្ចនៃវិស័យសាឡននៅកម្ពុជា។ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក មជ្ឈមណ្ឌលបានបណ្តុះបណ្តាលសិក្ខាកាមជាង ២០.០០០នាក់ ដែលឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍ និងការជឿទុកចិត្តលើជំនាញសាឡនថា ជាវិជ្ជាជីវៈដែលមានសក្តានុពលសម្រាប់បង្កើនចំណូលគ្រួសារ។

លោកស្រី ហង់ វុត្ថា បានលើកឡើងថា៖ “ភាពជោគជ័យរបស់អាជីវកម្មសាឡនមួយ មិនអាចកើតចេញពីការខិតខំរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែត្រូវកើតចេញពីការតស៊ូ ការរៀនសូត្រជាប្រចាំ ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកទេស ការចូលរួមក្នុងបណ្តាញសង្គមវិជ្ជាជីវៈ រួមទាំងការគាំទ្រពីតួអង្គពាក់ព័ន្ធ។”

ឯកឧត្តម ហែម វណ្ណឌី បានអំពាវនាវដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមវិជ្ជាជីវៈ និងដៃគូនានា បន្តពង្រីកអត្ថប្រយោជន៍ និងសេវាជាក់ស្តែងសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់សមាគម និងស្ថាប័នបណ្តុះបណ្តាលក្នុងវិស័យសាឡន ចូលរួមផ្សព្វផ្សាយ និងជំរុញឱ្យអ្នកប្រកបអាជីវកម្មសាឡនកាន់តែច្រើន ចុះឈ្មោះដើម្បីទទួលអត្ថប្រយោជន៍ជាក់ស្តែង។​ ខ្លឹមសារ​ និង​រូបភាព​ ផ្ដល់​ដោយ​ MISTI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី