2026-09-11
SME News
2026-09-11
SME News
ភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា និងបានស្នើឱ្យស្ថាប័ននេះធ្វើជាស្ពាន ដើម្បីភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជា ជាមួយអ្នកទិញនៅសហរដ្ឋអាមេរិក ព្រមទាំងជួយបង្កើនការយល់ដឹងអំពីលក្ខខណ្ឌទីផ្សារ ស្តង់ដា និងតម្រូវការផ្នែកពាណិជ្ជកម្ម។
ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដឹកនាំដោយស្ថាបនិក និងជាប្រធាន អ្នកស្រី ចាន់ សុខវាសនា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមានឱកាសពង្រីកការនាំចេញទៅសហរដ្ឋអាមេរិក លើសពីវិស័យប្រពៃណី ជាពិសេសផលិតផលគ្រឿងសង្ហារិម ការកែច្នៃកសិផល និងផលិតផលដែលមានតម្លៃបន្ថែមផ្សេងទៀត។
ឯកឧត្តមបានសង្កត់ធ្ងន់លើផលិតផលខ្មែរដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់នាំចេញ ប៉ុន្តែការផលិតនៅមិនទាន់មានទំហំគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនបញ្ជាទិញធំៗ ទន្ទឹមនឹងនេះ សហគ្រាសធុនតូចនិងមធម្យមួយចំនួន ត្រូវការការគាំទ្របន្ថែម ដើម្បីបំពេញតាមលក្ខខណ្ឌបច្ចេកទេស ការវេចខ្ចប់ និងតម្រូវការនៃទីផ្សារអាមេរិក។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “យើងមិនគួរផ្តោតវិសាលភាពទូលំទូលាយពេកនោះទេ។ យើងត្រូវជ្រើសរើសសហគ្រាសដែលមានសមត្ថភាពពិតប្រាកដ និងផលិតផលដែលមានសក្តានុពល ហើយ យើងត្រូវសហការជួយឱ្យពួកគាត់អាចបំពេញតាមលក្ខណ្ឌតម្រូវការទីផ្សារសហរដ្ឋអាមេរិក។”
ឯកឧត្តមក៏បានជំរុញឱ្យសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដើរតួជាកាតាលីករ ក្នុងការស្វែងរកអ្នកទិញ ប្រមូលផ្តុំតម្រូវការ និងផ្តល់ព័ត៌មានច្បាស់លាស់អំពីលក្ខណៈបច្ចេកទេស ស្តង់ដា និងបរិមាណនៃការបញ្ជាទិញ ដោយបន្ថែមថា ការបញ្ជាក់បរិមាណបញ្ជាទិញច្បាស់លាស់ ក៏នឹងជួយឱ្យសហគ្រាសផលិតនៅកម្ពុជាមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនផងដែរ។
តំណាងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បានបញ្ជាក់ការត្រៀមលក្ខណៈ ក្នុងការសហការជាមួយក្រសួង ដើម្បីជួយឱ្យសហគ្រាសកម្ពុជាយល់កាន់តែច្បាស់អំពីតម្រូវការ សម្រាប់ឈានចូលទីផ្សារអាមេរិក តាមរយៈការធ្វើបទបង្ហាញបច្ចេកទេស សិក្ខាសាលា និងការភ្ជាប់ជាមួយស្ថាប័ន និងអ្នកជំនាញពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងផ្នែកសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ស្តង់ដា ការបញ្ជាក់ភាពអនុលោម ការផ្ទេរបច្ចេកវិទ្យា និងការធ្វើទំនើបកម្មឧស្សាហកម្ម សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក អភិវឌ្ឍឧស្សាហកម្មគាំទ្រ និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ខ្លឹមសារ និងរូបភាព ផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី