SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៦ បានបិទបញ្ចប់ ដោយបង្ហាញតួនាទីថាមពលស្អាតក្នុងបរិវត្តកម្មឧស្សាហកម្មកម្ពុជា


សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៦ បានបិទបញ្ចប់ ដោយបង្ហាញតួនាទីថាមពលស្អាតក្នុងបរិវត្តកម្មឧស្សាហកម្មកម្ពុជា
A+ A-

ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៦ បានបិទបញ្ចប់នៅថ្ងៃទី២១ ខែកញ្ញា ដោយបង្ហាញតួនាទីកាន់តែសំខាន់នៃថាមពលស្អាត ក្នុងបរិវត្តកម្មឧស្សាហកម្ម ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងការលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា។

កម្មវិធីពេញមួយសប្តាហ៍បានប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និងភាគីពាក់ព័ន្ធក្នុងវិស័យថាមពលស្អាត ដើម្បីទទួលស្គាល់គំនិតផ្តួចផ្តើម និងភាពជាដៃគូដែលគាំទ្រដល់ការផ្លាស់ប្តូរទៅរកថាមពលស្អាតរបស់កម្ពុជា។

ថ្លែងក្នុងពិធីបិទសប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការផ្លាស់ប្តូរទៅរកថាមពលស្អាត មានទំនាក់ទំនងកាន់តែជិតស្និទ្ធទៅនឹងបរិវត្តកម្មឧស្សាហកម្ម និងបរិវត្តកម្មបច្ចេកវិទ្យារបស់កម្ពុជា ដែលមានសារសំខាន់ចំពោះផលិតភាព សមត្ថភាពប្រកួតប្រជែង និងការទាក់ទាញវិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ថាមពលស្អាតអាចក្លាយជាកត្តាជំរុញឧស្សាហកម្មកម្ពុជាជំនាន់ថ្មី។ តាមរយៈការជួយឱ្យសហគ្រាសផលិតកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពប្រកួតប្រជែង ការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត អាចបង្កើតការងារដែលមានគុណភាព និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។"

លោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា៖ "សប្តាហ៍ថាមពលស្អាតឆ្នាំនេះបានបង្ហាញថា ថាមពលស្អាតមិនមែនគ្រាន់តែជារបៀបវារៈបរិស្ថានទៀតទេ ប៉ុន្តែកំពុងក្លាយជាកាតាលីករកាន់តែសំខាន់សម្រាប់សន្តិសុខថាមពល ភាពធន់នៃសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា។"

លោក Natharoun Ngo Son នាយកប្រចាំតំបន់នៃ EnergyLab Asia បានបន្ថែមថា៖ "មហិច្ឆតារបស់កម្ពុជាមិនគួរឈប់ត្រឹមតែការផលិតអគ្គិសនីកកើតឡើងវិញបានច្រើននោះទេ។ លើសពីការកាត់បន្ថយការបំភាយ ឱកាសពិតប្រាកដគឺការផ្លាស់ប្តូរអ្វីដែលកម្ពុជាផលិត អ្វីដែលកម្ពុជានាំចេញ និងថាយើងអាចរក្សាតម្លៃបន្ថែមដែលយើងបង្កើតបានប៉ុន្មាននៅក្នុងប្រទេស។"

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៦ ក៏មានកម្មវិធីប្រគល់ពានរង្វាន់ថាមពលស្អាត ដែលទទួលស្គាល់ការរួមចំណែកសំខាន់ពីបុគ្គល ស្ថាប័ន និងគំនិតផ្តួចផ្តើមនានា ដែលកំពុងជំរុញវឌ្ឍនភាពថាមពលស្អាតនៅកម្ពុជា។ ជ័យលាភីពានរង្វាន់ទាំង ៣ រួមមាន៖

·       ពានរង្វាន់ជើងឯកថាមពលស្អាត (Clean Energy Champion Award)៖ លោក Mark Low នាយកផ្នែករចនា និងយុទ្ធសាស្ត្រ នៃក្រុមហ៊ុន ISI Land

·       ពានរង្វាន់បច្ចេកវិទ្យាស្អាត (Cleantech Award)៖ ក្រុមហ៊ុន Agro Agape

·       ពានរង្វាន់គម្រោងថាមពលស្អាតដែលមានឥទ្ធិពលបំផុត (Most Impactful Clean Energy Project Award)៖ គម្រោង ភូមិ​គ្មានផ្សែង (Smoke Free Village Project) របស់អង្គការអភិវឌ្ឍន៍ហូឡង់ (SNV)

សប្តាហ៍ថាមពលស្អាត គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនាំយកករណីជោគជ័យ ឧត្តមានុវត្តន៍ នវានុវត្តន៍បច្ចេកទេស និងការវិភាគគោលនយោបាយ ដើម្បីពន្លឿនការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងថ្នាក់ដឹកនាំវិស័យឯកជន ដើម្បីជំរុញកិច្ចសហការ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីថាមពលស្អាត។ ខ្លឹមសារ និងរូបភាព ផ្តល់ដោយ៖ MISTI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី