SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទិវាសហគ្រិនស្ត្រីកម្ពុជា រំលេចតួនាទីស្ត្រីក្នុងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក


ទិវាសហគ្រិនស្ត្រីកម្ពុជា រំលេចតួនាទីស្ត្រីក្នុងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក
A+ A-

ភ្នំពេញ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៦ បានរំលេចលទ្ធភាពទទួលបានហិរញ្ញប្បទាន បច្ចេកវិទ្យា និងទីផ្សារ ជាកត្តាគន្លឹះក្នុងការជួយសហគ្រាសដែលដឹកនាំដោយស្ត្រីឱ្យពង្រីកអាជីវកម្ម បង្កើតការងារ និងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ទិវាដែលរៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ក៏មានការប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ដើម្បីទទួលស្គាល់សមិទ្ធផលរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំធុរកិច្ច នវានុវត្តន៍ និងការបង្កើតការងារ។

ថ្លែងក្នុងពិធីបើកទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអំពាវនាវឱ្យពង្រឹងការសម្របសម្រួលការគាំទ្រ ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រិនស្ត្រី និងជួយសហគ្រាសរបស់ពួកគេឱ្យមានផលិតភាព និងសមត្ថភាពប្រកួតប្រជែងកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "គោលដៅនៃការអនុវត្តវិធានការទាំងនេះ មិនមែនត្រឹមតែជាការលើកទឹកចិត្តឱ្យស្ត្រីចាប់ផ្តើមអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពឱ្យសហគ្រាសដែលដឹកនាំដោយស្ត្រីអាចរីកចម្រើន បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមកាន់តែសកម្មក្នុងសកម្មភាពសេដ្ឋកិច្ចដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។"

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ មានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មចំនួន ៤៤.០៥៣ មូលដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះ ៩.០៤៦ មូលដ្ឋាន ឬប្រមាណ ២០,៥% ជាសហគ្រាសដឹកនាំដោយស្ត្រី។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា៖ "ការអភិវឌ្ឍសហគ្រិនភាពស្ត្រីប្រកបដោយចីរភាពមិនអាចពឹងផ្អែកទៅលើការខិតខំរបស់សហគ្រិនស្ត្រីម្នាក់ៗឡើយ។ យើងត្រូវការបរិយាកាសគោលនយោបាយដែលអំណោយផល ការទទួលបានធនធានដោយសមធម៌ និងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។"

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦–២០៣០ ផ្តល់ក្របខ័ណ្ឌសម្រាប់សម្របសម្រួលការគាំទ្ររបស់រដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយសហគ្រាស រួមទាំងសហគ្រាសដឹកនាំដោយស្ត្រី កាត់បន្ថយឧបសគ្គក្នុងការធ្វើធុរកិច្ច ពង្រឹងជំនាញនិងសមត្ថភាពផលិតកម្ម ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារ។

ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តសហគ្រាសដឹកនាំដោយស្ត្រី ឱ្យពង្រឹងគុណភាពផលិតផលតាមរយៈការអនុវត្តស្តង់ដារ ការធ្វើតេស្ត និងការកែលម្អការវេចខ្ចប់ ប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងពង្រីកការតភ្ជាប់ជាមួយក្រុមហ៊ុន និងបណ្តាញចែកចាយធំៗ ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងឱកាសទីផ្សារ។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់សមាគម ឱ្យបន្តពង្រឹងតួនាទីជាតំណាង និងផ្សារភ្ជាប់សមាជិកទៅនឹងសេវាបច្ចេកទេស ឱកាសហិរញ្ញប្បទាន និងបណ្តាញធុរកិច្ច។



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី