2026-10-22
SME News
2026-10-22
SME News
ភ្នំពេញ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដើម្បីពង្រឹងផលិតភាព ភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ ទីផ្សារ និងការតភ្ជាប់ទៅនឹងឧស្សាហកម្មធំៗ។
ថ្លែងក្នុងពិធីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ថាជាកត្តាគន្លឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ច ការត្រៀមចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច និងចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
យុទ្ធសាស្ត្រនេះផ្អែកលើសសរស្តម្ភចំនួន៤ គឺ ការកែលម្អបរិយាកាសធុរកិច្ច និងនិយតកម្មផ្នែកច្បាប់ ការពង្រឹងសមត្ថភាពផលិតកម្ម សេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ការបង្កើនសមត្ថភាពប្រកួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖ "ឯកសារល្អ ក្របខ័ណ្ឌល្អ និងយន្តការល្អ នឹងមានតម្លៃពេញលេញ លុះត្រាតែត្រូវបានបម្លែងទៅជាការអនុវត្តជាក់ស្តែង និងលទ្ធផលដែលម្ចាស់សហគ្រាសអាចមើលឃើញ និងទទួលបានផលប្រយោជន៍ពិតប្រាកដ។"
សម្រាប់ការអនុវត្ត សម្តេចធិបតីបានដាក់ចេញអនុសាសន៍គន្លឹះចំនួន៧ ផ្តោតលើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ ការទទួលបានហិរញ្ញប្បទាន ការពង្រីកទីផ្សារ និងសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អបរិយាកាសធុរកិច្ច និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ សេដ្ឋកិច្ចបៃតង និងការពង្រឹងយន្តការតាមដាន និងកិច្ចសហការអន្តរស្ថាប័ន។
យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ មូលដ្ឋាន ដែលក្នុងនោះ ជាង៩៩% ត្រូវបានចាត់ទុកជាសហគ្រាសធុនមីក្រូ តូច និងមធ្យម។ សហគ្រាសទាំងនេះរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា យុទ្ធសាស្ត្រថ្មីនេះឈរលើមូលដ្ឋាននៃប្រព័ន្ធអេកូឡូស៊ីគាំទ្រសហគ្រិនភាព និងសហគ្រាស ដែលត្រូវបានកសាងជាបន្តបន្ទាប់ក្នុងអាណត្តិរាជរដ្ឋាភិបាលកន្លងមក។
ប្រព័ន្ធគាំទ្រនេះរួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យម ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ សាជីវកម្មធានាឥណទានកម្ពុជា មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍ជំនាញ និងមូលនិធិស្រាវជ្រាវជាតិ ជាដើម។
រាជរដ្ឋាភិបាលក៏ទើបបានបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម និងកំពុងរៀបចំអនុក្រឹត្យចំនួនពីរស្តីពីការគ្រប់គ្រងវដ្តអាជីវកម្ម និងការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើសាមញ្ញកម្មការចុះបញ្ជី អាជ្ញាបណ្ណ និងអនុលោមភាព ពង្រីកសេវាសាធារណៈឌីជីថល និងកាត់បន្ថយនីតិវិធីស្ទួន។
សម្តេចធិបតីក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់បន្តគាំទ្រផលិតផលខ្មែរដែលមានគុណភាព និងស្នើឱ្យផ្សារទំនើប អ្នកចែកចាយ និងអ្នកនាំចេញ ផ្តល់ឱកាសកាន់តែច្រើនដល់ផលិតផលក្នុងស្រុក។ រោងចក្រធំៗក៏ត្រូវបានលើកទឹកចិត្តឱ្យបង្កើនការទិញក្នុងស្រុក នៅពេលសហគ្រាសកម្ពុជាអាចឆ្លើយតបតាមតម្រូវការគុណភាព បរិមាណ តម្លៃ និងភាពទៀងទាត់នៃការផ្គត់ផ្គង់។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ ត្រូវបានចុះបញ្ជី ចបផ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ប្រមាណ ១.១០០ មុខ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យុទ្ធសាស្ត្រជាតិនេះក៏ជំរុញការពង្រីកឥណទានដែលមានលក្ខខណ្ឌបត់បែន រួមទាំងឥណទានផ្អែកលើលំហូរសាច់ប្រាក់ ការបង្កើនចំណេះដឹងហិរញ្ញវត្ថុ ការចាប់យកបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស។
តាមរយៈយុទ្ធសាស្ត្រថ្មីនេះ រាជរដ្ឋាភិបាលក៏មានគោលដៅតម្រង់ការងាររបស់ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ឱ្យស្ថិតក្រោមក្របខ័ណ្ឌរួមមួយ ដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ច ឱ្យកាន់តែមានផលិតភាព ភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី