SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ដាក់គោលដៅពន្លឿនការចាប់យកឌីជីថលសម្រាប់ SMEs និងពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្នុងឆ្នាំ២០២៦


ក្រសួងឧស្សាហកម្ម ដាក់គោលដៅពន្លឿនការចាប់យកឌីជីថលសម្រាប់ SMEs និងពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្នុងឆ្នាំ២០២៦
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដាក់គោលដៅអាទិភាពពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ពន្លឿនការចាប់យកឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ពង្រីកការផ្គត់ផ្គង់ទឹកស្អាត ពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទំនើបកម្មប្រព័ន្ធផ្តល់សេវាសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន ក្នុងឆ្នាំ២០២៦។

សម្រាប់ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម ក៏បានដាក់ទិសដៅអាទិភាពលើការត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនឹងថមថយ អនុលោមភាពនឹងកាន់តែតឹងរឹង លក្ខខណ្ឌតម្រូវឱ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការផលិតនឹងកាន់តែខ្ពស់ ហើយការអនុវត្តគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) នឹងក្លាយជាការរំពឹងទុករបស់ទីផ្សារ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្ថែមថា៖ «ពិភពលោកកាន់តែពោរពេញដោយភាពមិនប្រាកដប្រជា ដូច្នេះយើងត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងបន្តកសាងស្ថាប័នរឹងមាំដែលអាចផ្តល់លទ្ធផលជាក់ស្តែងជូនជាតិ និងប្រជាជន»។

ក្នុងកម្មវិធីបិទសន្និបាតប្រចាំឆ្នាំ ដោយផ្តោតអាទិភាពលើការពង្រឹងស្ថាប័នជាតិ ពង្រឹងសមត្ថភាពផលិតក្នុង​ស្រុក និងពន្លឿនកំណែទម្រង់ ដើម្បីគាំទ្រភាពធន់ និងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយលើកឡើងថា៖ «ប្រទេសដែលមិនផលិត មិនអាចការពារភាពធន់របស់ខ្លួនបានទាំងស្រុងទេ។ ចលនាជាតិគាំទ្រផលិតផលខ្មែរជាកាលានុវត្តភាពយុទ្ធសាស្ត្រ សម្រាប់ពន្លឿនសមត្ថភាពផលិតក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាឱ្យបានថាម្ចាស់អាជីវកម្មកម្ពុជា អាចឈរជើងប្រកួតប្រជែងបាន និងមានលទ្ធភាពពង្រីកខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស»។

ក្នុងឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម សម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន ដោយមូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើន មានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លានកន្លែង ក្នុងនោះស្ត្រីជាង ៧១ ភាគរយ។ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានកំណើនដល់ ១.៥៧១.៩៧៦ តំណ (កើនជាង ១៣១.០០០ តំណ ធៀបនឹងឆ្នាំ២០២៤) ជាមួយបណ្តាញចែកចាយសរុប ៤០.៥៦៥ គីឡូម៉ែត្រ និងបរិមាណផលិតនិងចែកចាយទឹកស្អាតសរុប ៥៥៦លានម៉ែត្រគូប។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏មានវឌ្ឍនភាពជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២៧ម៉ឺននាក់ បានចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ហើយអត្ថប្រយោជន៍ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីកសាងសេដ្ឋកិច្ចមួយដោយមិនទុកនរណាម្នាក់ចោល។

ឯកឧត្តម ហែម វណ្ណឌី ក៏បានរំលេចអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដោយ ក្នុងឆ្នាំ២០២៥ កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ ISO បន្ទាប់ពីរយៈពេល ៣៥ឆ្នាំ, ក្លាយជាសមាជិកសហការ (Associate Member) នៃគណៈកម្មការ​អេឡិចត្រូតិចនិក​អន្តរជាតិ (IEC) និងជាស្ថាប័នបង្គោលរបស់កម្ពុជាសម្រាប់អង្គការស្តង់ដារអាហារ (Codex Alimentarius)។ ក្នុងឆ្នាំ២០២៥ កម្ពុជា ក៏បានអនុម័តស្តង់ដាសុខុដុមនីយកម្មអាស៊ានចំនួន១២៩ និងស្តង់ដាកម្ពុជាចំនួន ៨១ ដើម្បីលើកកម្ពស់ការត្រៀមលក្ខណៈសម្រាប់នាំចេញ និងអនុលោមតាមលក្ខខណ្ឌតម្រូវអន្តរជាតិ។

អង្គសន្និបាតត្រូវបានបិទបញ្ចប់ ជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ ក្នុងការបន្តកំណែទម្រង់ ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងស្ថាប័នជាតិ ដើម្បីការពារភាពធន់សេដ្ឋកិច្ច និងគាំទ្រកំណើនរយៈពេលវែងរបស់កម្ពុជា ក្នុងបរិបទសកលដែលកាន់តែពិបាកប៉ាន់ស្មាន៕








នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី