2026-07-07
SME News
2026-07-07
SME News
ភ្នំពេញ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ បានបើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍបណ្តាញមន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការរបស់កម្ពុជា ដោយបន្តជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសុវត្ថិភាពម្ហូបអាហារ លើកកម្ពស់គុណភាពមន្ទីរពិសោធន៍ និងបង្កើនទំនុកចិត្តលើការវិភាគម្ហូបអាហារនៅទូទាំងប្រទេស។
កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ បានពិនិត្យវឌ្ឍនភាពការងារ និងលក្ខណៈវិនិច្ឆ័យលម្អិតនៃការកំណត់មន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការ ទន្ទឹមនឹងនោះពង្រឹងភាពអនុលោមតាមស្តង់ដាអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “មន្ទីរពិសោធន៍យោងអាចមិនមានច្រើនទេ ព្រោះត្រូវការការ វិនិយោគធំ ជំនាញបច្ចេកទេសកម្រិតខ្ពស់ និងប្រព័ន្ធគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ។ អាទិភាពរបស់យើង គឺកសាងមូលដ្ឋានរឹងមាំមួយ ដោយមានមន្ទីរពិសោធន៍ដែលបំពេញតាមស្តង់ដាបច្ចេកទេសខ្ពស់ និងទទួលបានទំនុកចិត្តពីស្ថាប័ននិយ័តករ សហគ្រាស និងទីផ្សារ។”
តំណាងអន្តរក្រសួងដែលជាសមាជិកគណៈកម្មាធិការ បានឯកភាពជំរុញឱ្យមន្ទីរពិសោធន៍ដែលមានសមត្ថភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន ចូលរួមក្នុងដំណើរការកំណត់មន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការ ដោយអនុលោមតាមលក្ខខណ្ឌបច្ចេកទេសកំណត់។
គណៈកម្មាធិការក៏បានពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្ត ដូចជាការគាំទ្រផ្នែកបច្ចេកទេស ការបណ្តុះ
បណ្តាល និងការរៀបចំតម្លៃសេវាឱ្យកាន់តែងាយស្រួល ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលំទូលាយ។
កិច្ចប្រជុំបានឯកភាពអភិវឌ្ឍបណ្តាញមន្ទីរពិសោធន៍ជាដំណាក់កាល ដោយកំណត់គោលដៅដំបូងឱ្យមានយ៉ាងហោចណាស់មន្ទីរពិសោធន៍យោងចំនួន ២ និងមន្ទីរពិសោធន៍ផ្លូវការចំនួន ៥ នៅទូទាំងប្រទេស ព្រមទាំងបានឯកភាពលើការរៀបចំយន្តការបច្ចេកទេស និងពន្លឿនការវាយតម្លៃមន្ទីរពិសោធន៍ឱ្យបានឆាប់រហ័ស បន្ទាប់ពីទទួលបានពាក្យស្នើសុំ។
ឯកឧត្តមប្រធានគណៈកម្មាធិការបានបន្ថែមថា៖ “សុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួមរបស់ជាតិ។ បណ្តាញមន្ទីរពិសោធន៍ដែលអាចទុកចិត្តបាន មិនត្រឹមតែការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កើនទំនុកចិត្តរបស់អ្នកផលិត អ្នកនាំចេញ ដៃគូពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ លើគុណភាព និងសុវត្ថិភាពនៃផលិតផលកម្ពុជាផងដែរ។”
ផែនទីបង្ហាញផ្លូវបានចង្អុលឱ្យគណៈកម្មាធិការបន្តអនុវត្តការងារសំខាន់ៗ រួមមានការវាយតម្លៃមន្ទីរពិសោធន៍ ការពង្រឹងសមត្ថភាព ការផ្តល់វិញ្ញាបនបត្រ និងតាមដានការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារជាតិដែលមានការសម្របសម្រួល និងប្រសិទ្ធភាព។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី