2026-07-17
SME News
2026-07-17
SME News
ភ្នំពេញ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦ បានបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកវិនិយោគ ក្រុមហ៊ុនបច្ចេកវិទ្យា និងសមាគមធុរកិច្ច ដើម្បីជំរុញភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម បង្ហាញ
បច្ចេកវិទ្យាទំនើបៗ និងគាំទ្រការធ្វើទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងជាលើកទី១ ដោយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរខឿនឧស្សាហកម្មរបស់កម្ពុជាពីការប្រកួតប្រជែងផ្តោតលើថ្លៃដើមផលិតកម្មទាប ឆ្ពោះទៅការពឹងផ្អែកលើបច្ចេកវិទ្យា នវានុវត្តន៍ ផលិតភាព និងគុណភាព ដើម្បីឱ្យឧស្សាហកម្មកម្ពុជាអាចឈានឡើងកាន់តែជ្រៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ " ការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគចំពោះស្ថិរភាព សក្ដានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា។"
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រធុនធ្ងន់កំពុងដំណើរការចំនួន ៣.៣១៩ ផ្តល់ការងារ ជាង ១,៣ លានកន្លែង និងទាក់ទាញទុនវិនិយោគសរុបប្រមាណ ២៧,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យផលិតកម្មសកល ដោយសារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យារ៉ូបូត និងបច្ចេកវិទ្យាឌីជីថល ដែលកំពុងក្លាយជាកត្តាកំណត់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងប្រទេសជាច្រើន។
ឯកឧត្តមបានបន្ថែមថា៖"សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀនបច្ចេកវិទ្យា បានទេ។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសរបស់យើង។"
មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦នេះ មានការចូលរួមតាំងពិព័រណ៍ពីក្រុមហ៊ុនចំនួន ១៦២ ក្នុងនោះមាន ៣៦ ក្រុមហ៊ុនមកពីប្រទេសចិន និង ១១៨ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដោយដាក់តាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាឧស្សាហកម្មតាមរយៈស្តង់ពិព័រណ៍ចំនួន ១៩៩ ស្តង់។
តំណាងស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី Guan Wei បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងប្រទេសទាំងពីរ។
លោកស្រីបានលើកឡើងថា៖ "យើងសង្ឃឹមថា សហគ្រាសនៃប្រទេសទាំងពីរនឹងចាប់យកឱកាសដែលព្រឹត្តិការណ៍នេះផ្តល់ជូន បង្កើតទំនាក់ទំនង ស្វែងរកឱកាសធុរកិច្ចតាមរយៈការផ្លាស់ប្តូរយោបល់ សម្រេចផលប្រយោជន៍រួមតាមរយៈកិច្ចសហប្រតិបត្តិការ និងរួមគ្នាបង្កើតសករាជថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន។"
លោក Lee Allen ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានបញ្ជាក់គោលបំណងរបស់សមាគមក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាវេទិកាយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
លោកបានលើកឡើងថា៖ "ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង។ យើងនឹងបន្តពង្រីកវិសាលភាព ពង្រឹងគុណភាព និងឥទ្ធិពលនៃព្រឹត្តិការណ៍នេះ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ក្រោយៗ ក្លាយជាអត្តសញ្ញាណនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា និងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម។
ព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ពីថ្ងៃ១៧-១៨ ខែកក្កដា មានការតាំងបង្ហាញបច្ចេកវិទ្យាឧស្សាហកម្ម កម្មវិធីផ្គូផ្គងធុរកិច្ច និងការកសាងបណ្តាញទំនាក់ទំនងអាជីវកម្ម សំដៅជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជា និងសហគ្រាសពីបរទេស។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី