2026-08-17
SME News
2026-08-17
SME News
ភ្នំពេញ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ជំរុញការកែច្នៃកសិផល និងគាំទ្រសហគ្រាសកម្ពុជាក្នុងការផលិតអាហារដែលមានគុណភាព និងត្រៀមសម្រាប់ការនាំចេញ។
វគ្គបណ្តុះបណ្តាលស្តីពី «ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា បានប្រមូលផ្តុំមន្ត្រីកម្ពុជា ដោយផ្តោតលើការពង្រឹងចំណេះដឹងស្តីពីការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ការរក្សាទុកផលិតផលអាហារ ការបង្កើនតម្លៃបន្ថែម និងផលិតកម្មអាហារប្រកបដោយចីរភាព។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដ៏រឹងមាំមួយ សម្រាប់ការពារសុខភាពសាធារណៈ កសាងទំនុកចិត្តអ្នកប្រើប្រាស់ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ការវិនិយោគលើសុវត្ថិភាពម្ហូបអាហារមិនត្រឹមតែជាការវិនិយោគលើសុខុមាលភាពរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគលើកេរ្តិ៍ឈ្មោះរយៈពេលវែង និងអនាគតសេដ្ឋកិច្ចរបស់យើងផងដែរ។”
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការកាត់បន្ថយការបាត់បង់ក្រោយពេលប្រមូលផល ការចាប់យកបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ទំនើប ភាពអនុលោមតាមស្តង់ដាអន្តរជាតិ និងការលើកកម្ពស់ផលិតកម្មដែលប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ អាទិភាពទាំងនេះនឹងគាំទ្រដល់បរិវត្តកម្មរបស់កម្ពុជា ពីផលិតកម្មមូលដ្ឋានបែបប្រពៃណី ឆ្ពោះទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេស ដើម្បីឆ្លើយតបទៅនឹងអាទិភាពរបស់ក្រសួង និងបង្ហាញពីដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការកសាងសមត្ថភាពផលិតអាហារ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា៖ “នេះជាវគ្គបណ្តុះបណ្តាលពិសេសផ្អែកលើតម្រូវការជាក់ស្តែងជាលើកទី១ ក្រោមកម្មវិធីសហប្រតិបត្តិការសិង្ហបុរី ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី។ ខ្ញុំសង្ឃឹមថា នេះជាចំណុចចាប់ផ្តើមថ្មីមួយនៃកិច្ចសហប្រតិបត្តិការរបស់យើង សម្រាប់វគ្គបន្តបន្ទាប់ជាច្រើនទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា។”
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា ផលិតផលកសិកម្មដ៏សម្បូរបែបរបស់កម្ពុជាផ្តល់នូវឱកាសដ៏ធំធេងសម្រាប់ការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃ ការរក្សាទុក និងការអនុវត្តសុវត្ថិភាពម្ហូបអាហារឱ្យកាន់តែប្រសើរ។
វគ្គបណ្តុះបណ្តាលនេះក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដែលរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តវិភាគរបស់មន្ទីរពិសោធន៍ ព្រមទាំងជួយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការលើកកម្ពស់គុណភាពផលិតផល និងឈានទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងត្រូវបានលើកកម្រិតនៅឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។ រហូតមកដល់បច្ចុប្បន្ន មន្ត្រីរាជការកម្ពុជាជាង ១៩.០០០នាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីកសាងសមត្ថភាពរបស់មជ្ឈមណ្ឌលនេះ។ ខ្លឹមសារ និងរូបភាពផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី