2026-07-17
SME News
2026-07-17
SME News
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្តម អ៊ូអេណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជម្រាបលា ខណៈភាគីទាំងពីរបញ្ជាក់ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទឹកស្អាត ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម អ៊ូអេណូ នៅកម្ពុជាថា មានលក្ខណៈពិសេស ដែលបង្ហាញឱ្យឃើញថា សមានចិត្តបុគ្គលអាចដើរតួនាទីយ៉ាងសំខាន់ បំពេញបន្ថែមឱ្យអាណត្តិការងារផ្លូវការ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ក្រសួង និងរាជរដ្ឋាភិបាលបានទទួលផលប្រយោជន៍យ៉ាងច្រើនពីការយកចិត្តទុកដាក់របស់ឯកឧត្តម និងពីកិច្ចសហការជាមួយដៃគូជប៉ុនរបស់យើង។”
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភាគីជប៉ុនចំពោះការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការសហការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា តាមរយៈទីភ្នាក់ងារ JICA ទីក្រុងគីតាគ្យូស៊ូ និងដៃគូផ្សេងទៀត ដោយ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពបច្ចេកទេស និងការរៀបចំផែនការរយៈពេលវែងសម្រាប់វិស័យនេះ។
ឯកឧត្តមបានបន្ថែមថា៖ “ជប៉ុនបានដើរតួនាទីគន្លឹះក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈ និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរួមចំណែកដល់ការធ្វើបរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។”
ឯកឧត្តម អ៊ូអេណូ បានលើកឡើងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យទឹកស្អាត ដោយបានរំលេចគម្រោងទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងក្រុងតាខ្មៅ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួង និងដៃគូកម្ពុជាសម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធ។
ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងថា៖ “ខ្ញុំមានអនុស្សាវរីយ៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការរបស់យើង ជាពិសេសក្នុងវិស័យទឹកស្អាត ព្រោះវិស័យនេះបង្កើត “ភ្នំពេញអច្ឆរិយៈ” ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាតនៅខេត្តស្វាយរៀង និងក្រុងតាខ្មៅ ក៏បានបង្ហាញថា មានការងារជាច្រើនដែលប្រទេសយើងទាំងពីរអាចសម្រេចបានជាមួយគ្នា។”
ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍឧស្សាហកម្ម ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងការបន្តគាំទ្ររបស់ក្រសួង ចំពោះក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុននៅកម្ពុជា។
ឯកឧត្តម អ៊ូអេណូ បានចាប់ផ្តើមបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងឆ្នាំ២០២៣ ហើយត្រូវបានតែងតាំងជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសឥណ្ឌូណេស៊ី។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី