2026-09-17
SME News
2026-09-17
SME News
កំពង់ឆ្នាំង៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទិសដៅគោលនយោបាយសំខាន់មួយសម្រាប់អនាគតឧស្សាហកម្មយានយន្តកម្ពុជា ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យនេះមិនគួរផ្តោតតែលើការបង្កើនចំនួនរោងចក្រផ្គុំ និងដំឡើងរថយន្តបន្ថែមនោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរទៅរក ការពង្រឹងរោងចក្រដែលមានស្រាប់ ការផលិតគ្រឿងបង្គុំក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ការបង្កើតការងារមានជំនាញ និងការផ្ទេរបច្ចេកវិទ្យាមកកាន់កម្លាំងពលកម្មកម្ពុជា។
ការថ្លែងនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត TH Automotive Manufacturing Co., Ltd. និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
កម្ពុជាមានគម្រោងផ្គុំ និងដំឡើងរថយន្ត ១៥ - ប៉ុន្តែទិសដៅបន្ទាប់គឺ «ពង្រឹង» មុន «ពង្រីក»
តាមការបញ្ជាក់របស់សម្តេចធិបតី បច្ចុប្បន្នកម្ពុជាមានរោងចក្រ និងគម្រោងវិនិយោគផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥។ ក្នុងនោះ ១០ កំពុងដំណើរការ ខណៈគម្រោងផ្សេងទៀតស្ថិតក្នុងដំណាក់កាលត្រៀមប្រតិបត្តិការ សាងសង់ ឬរៀបចំការវិនិយោគ។ AKP រាយការណ៍ថា គម្រោងទាំងនេះមានទុនវិនិយោគសរុបជិត ២៤៨លានដុល្លារអាមេរិក ហើយសមត្ថភាពផ្គុំរថយន្តបច្ចុប្បន្នត្រូវបានរាយការណ៍ប្រមាណ ៣៥,០០០គ្រឿងក្នុងមួយឆ្នាំ។
ចំណុចគួរឱ្យកត់សម្គាល់ គឺសម្តេចធិបតីបានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ពិនិត្យតម្រូវការទីផ្សារ សមត្ថភាពផលិត និងភាពធន់របស់វិស័យឱ្យបានច្បាស់ មុនការអនុម័តការពង្រីកបន្ថែម។ សារសំខាន់របស់នាយករដ្ឋមន្ត្រីគឺថា ការទាក់ទាញគម្រោងច្រើន មិនមែនជាគោលដៅចុងក្រោយទេ ប្រសិនបើរោងចក្រដែលបានវិនិយោគរួចមិនអាចឈរជើង រីកចម្រើន និងមាននិរន្តរភាព។
សម្រាប់អ្នកវិនិយោគ នេះអាចត្រូវបានមើលឃើញថាជា សញ្ញាគោលនយោបាយសំខាន់៖ កម្ពុជាកំពុងផ្លាស់ប្តូរពីការផ្តោតលើ «ចំនួនគម្រោង» ទៅការផ្តោតលើ គុណភាព និរន្តរភាព និងតម្លៃបន្ថែមនៃការវិនិយោគ។
ពី «ការផ្តោតលើបរិមាណនៃការផ្គុំ និងដំឡើង ទៅការផ្តោតលើគុណភាពឧស្សាហកម្ម និងការបង្កើតតម្លៃបន្ថែមក្នុងស្រុក»ឬហៅថា ពី «Assembly» ទៅ «Local Manufacturing»៖
សម្តេចធិបតីបានកត់សម្គាល់ថា គ្រឿងបង្គុំដែលប្រើសម្រាប់ការផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើននៅតែពឹងផ្អែកលើការនាំចូល។ ដូច្នេះ រោងចក្រ និងវិនិយោគិនត្រូវបានលើកទឹកចិត្តឱ្យសិក្សាលទ្ធភាពផលិតគ្រឿងបង្គុំ និងបំណែករថយន្តនៅកម្ពុជាផ្ទាល់ ព្រមទាំងភ្ជាប់ក្រុមហ៊ុនផលិតរថយន្តជាមួយសហគ្រាសផ្គត់ផ្គង់ក្នុងស្រុក។
នេះមានន័យថា ជំហានបន្ទាប់របស់ឧស្សាហកម្មយានយន្តកម្ពុជាមិនមែនគ្រាន់តែនាំ CKD/SKD kits ចូលមកផ្គុំក្នុងប្រទេសទៀតទេ ប៉ុន្តែជាការបង្កើត Automotive Supply Chain ក្នុងស្រុក ដូចជា គ្រឿងប្លាស្ទិក កៅអី គ្រឿងតុបតែងក្នុងរថយន្ត ខ្សែភ្លើង កញ្ចក់ ថ្មអាគុយ សំបកកង់ និងគ្រឿងបន្លាស់ផ្សេងៗ ដែលអាចផលិតក្នុងប្រទេសបានជាបណ្តើរៗ។
មហិច្ឆតានេះស្របនឹងទិសដៅធំរបស់កម្ពុជា ក្នុងការបង្កើតខ្លួនជាមូលដ្ឋានផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក ព្រមទាំងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដែលមានភាពធន់។
សមាមាត្រធាតុចូលក្នុងស្រុក ២០% (Local Content ២០%)៖ ភស្តុតាងថាកម្ពុជាអាចធ្វើបានលេីការប្រើប្រាស់គ្រឿងបង្គុំ និងធាតុចូលដែលផលិតក្នុងស្រុក ២០%៖ ក្នុងបរិបទរោងចក្ររថយន្ត មានន័យថា ប្រមាណ ២០% នៃគ្រឿងបង្គុំ វត្ថុធាតុដើម ឬធាតុចូលដែលប្រើក្នុងការផលិត ឬផ្គុំរថយន្ត ត្រូវបានផលិត ឬផ្គត់ផ្គង់ពីក្នុងប្រទេសកម្ពុជា។ ដូច្នេះទេីប សម្តេចធិបតីបានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តលំដាប់អន្តរជាតិមួយនៅកម្ពុជា ដែលទទួលបានការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុកប្រមាណ ២០%។
ទិន្នន័យនេះស្របនឹងការរាយការណ៍ផ្លូវការកាលពីខែកក្កដា ឆ្នាំ២០២៦ អំពី Toyota Tsusho Manufacturing (Cambodia) ដែលបានបង្កើនការប្រើប្រាស់គ្រឿងបង្គុំ និងបំណែកផលិតក្នុងស្រុកដល់ប្រមាណ ២០%។ រដ្ឋាភិបាលបានចាត់ទុកការកើនឡើងនេះថាជាជំហានសំខាន់ក្នុងការពង្រីកឧស្សាហកម្មគាំទ្រ និងបង្កើនតម្លៃបន្ថែមក្នុងស្រុក៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី