SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំកំពូលនាយកប្រតិបត្តិ និងសហគ្រិនឆ្នាំ២០២៦ បង្ហាញកម្ពុជាជាគោលដៅវិនិយោគសម្រាប់តំបន់អាស៊ី និងតំបន់ផ្សេងទៀត


កិច្ចប្រជុំកំពូលនាយកប្រតិបត្តិ និងសហគ្រិនឆ្នាំ២០២៦ បង្ហាញកម្ពុជាជាគោលដៅវិនិយោគសម្រាប់តំបន់អាស៊ី និងតំបន់ផ្សេងទៀត
A+ A-

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលនាយកប្រតិបត្តិ និងសហគ្រិនឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ច វិនិយោគិន និងសហគ្រិនមកពីទូទាំងទ្វីបអាស៊ី និងតំបន់ផ្សេងទៀត ដើម្បីស្វែងរកឱកាសវិនិយោគ ផ្គូផ្គងធុរកិច្ចដោយផ្ទាល់ និងបង្កើតភាពជាដៃគូក្នុងឧស្សាហកម្មនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូល ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចកម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម និងវិនិយោគកាន់តែមានសក្តានុពល ទន្ទឹមនឹងការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដោយផ្តោតលើការកសាងភាពធន់ និរន្តរភាព និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា៖ “បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មសេដ្ឋកិច្ចរបស់ខ្លួន។ គន្លងនៃការអភិវឌ្ឍត្រូវបានដឹកនាំដោយស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតចំពោះកំណើនដែលដឹកនាំដោយវិស័យឯកជន ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។”

ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានទុនសរុបជាង ១០ពាន់លានដុល្លារអាមេរិក ជាកម្រិតទុនវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើការអាចព្យាករណ៍បានផ្នែកគោលនយោបាយ កំណែទម្រង់ និងការរំពឹងទុកកំណើនរយៈពេលវែង។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធ្ងន់ចំនួន ៣,០៨៣ កំពុងដំណើរការនៅទូទាំងប្រទេស (កើនឡើងចំនួន ៦៥៨ រោងចក្រ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤) ដែលបង្កើតជាមូលដ្ឋានពិពិធកម្មឧស្សាហកម្មកាន់តែចម្រុះ គ្របដណ្តប់លើវិស័យសម្លៀកបំពាក់ ស្បែកជើង កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ឧស្សាហកម្មគាំទ្រ សម្ភារសំណង់ និងកម្មន្តសាលដែលជំរុញដោយបច្ចេកវិទ្យាថ្មីៗ។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានរំលេចពីការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ផលិតកម្ម រួមទាំងថាមពលស្អាត ដែលប្រមាណ ៦២ ភាគរយនៃថាមពលអគ្គិសនីរបស់កម្ពុជាបច្ចុប្បន្ន បានមកពីប្រភពកកើតឡើងវិញ។

ឯកឧត្ដមបានបន្ថែមថា៖ “សម្រាប់ក្រុមហ៊ុនផលិត ការវិវត្តទាំងនេះមិនត្រឹមតែគាំទ្រដល់ទំនួលខុសត្រូវផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏គាំទ្រផ្ទាល់ដល់ស្ថិរភាពចំណាយ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ អនុលោមភាពបរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) និងលក្ខខណ្ឌតម្រូវរបស់អ្នកទិញ ហើយរាជរដ្ឋាភិបាលកំពុងជំរុញការលើកកម្ពស់ប្រសិទ្ធភាពថាមពល ផលិតកម្មស្អាត និងការទទួលបានហិរញ្ញប្បទានបៃតង។”

កម្ពុជាមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន ដែលផ្តល់ឱ្យវិនិយោគិននូវលទ្ធភាពឈានចូលទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាច្រើន ដែលត្រូវបានគាំទ្របន្ថែមដោយការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ ច្រករបៀងឡូជីស្ទីក តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។

ឯកឧត្ដម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តវិនិយោគិនបរទេស ឱ្យបង្កើតភាពជាដៃគូរឹងមាំជាក់ស្តែង ជាមួយសហគ្រាសកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យមដែលកំពុងត្រៀមខ្លួនពង្រីកផលិតកម្ម និងធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ខ្លឹមសារ ទទួលបានពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី