2026-01-26
គិត បុប្ផា
2026-01-26
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ក្នុងនោះកម្ពុជា នឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានចំនួន ៦ប្រភេទ។
ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលកម្ពុជា នឹងទទួលបានពីក្នុងកម្មវិធី ធ្វើឡើង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នោះ មានដូចជា រង្វាន់ទីក្រុងស្អាតអាស៊ានចំនួន ៥រង្វាន់, សណ្ឋាគារបៃតងអាស៊ានចំនួន ៥រង្វាន់, ទេសចរណ៍ប្រកបដោយចីរភាពអាស៊ានចំនួន២, រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទបន្ទប់ប្រជុំចំនួន៥, រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទ, សាលពិព័រណ៍ចំនួន៥ និងរង្វាន់ស្តង់ដា MICE អាស៊ានប្រភេទសាលរៀបចំព្រឹត្តិការណ៍ចំនួន៥។
នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន លើកទី២៩ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២៥ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី១៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី លើកទី៥។ អង្គប្រជុំ នឹងពិនិត្យវឌ្ឍនភាពការងារ ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសផែនការវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០។
ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ក្រោមប្រធានបទ «រៀបចំអនាគតទេសចរណ៍រួមគ្នា (Navigating Our Future, Together)» ដែលមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន កូរ៉េ ឥណ្ឌា រុស្ស៊ី និងស្ថាប័នដៃគូអាស៊ានសំខាន់ៗមួយចំនួនទៀត។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ ក៏នឹងដឹកនាំផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ដោយរំពឹងថា ពិព័រណ៍នេះនឹងមានប្រតិភូចូលរួមចំនួន ៨៥០នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន ១០០ស្តង់ពិព័រណ៍ (Booths) ចំនួន ៣៥០ស្តង់ អ្នកលក់ (Sellers) ចំនួន ២៥០ ក្រុមហ៊ុនផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី