2026-01-30
គិត បុប្ផា
2026-01-30
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក ដែលមានផលិតផល និងសេវាកម្មដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត ក៏ដូចជាជំរុញការផ្គត់ផ្គង់និងបំពេញបន្ថែមឱ្យគ្នា សំដៅធានាបានការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រតិគមន៍។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំការិយាល័យប្រតិបត្តិ និងមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ លោកជំទាវ ចម និម្មល ក៏បានផ្តល់នូវអនុសាសន៍សភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្ត ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក បន្តពង្រឹងសមត្ថភាព និងផលិតភាព ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគីនានា ដែលកម្ពុជាជាសមាជិក និងដើម្បីត្រៀមខ្លួនសម្រាប់ដំណើរចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាឆ្នាំ២០២៩ ខាងមុខនេះ។
លើសពីនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រូវលើកទឹកចិត្ត ដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស ខិតខំទាក់ទាញដៃគូពាណិជ្ជកម្មក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យផលិតនិងកែច្នៃកសិ-ឧស្សាហកម្ម និងផលិតផលប្រើប្រាស់ចាំបាច់ផ្សេងៗ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវអំពាវនាវដល់វិនិយោគិន ឬសហគ្រាសធំៗក្នុងស្រុក តាមរយៈសភាពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យបន្តចូលរួមរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងចលនាទីផ្សារនៅតាមខេត្ត សម្រាប់អាជីវករ សហគ្រិន និងកសិករខ្នាតតូច នៅតាមមូលដ្ឋាន និងស្រូបទិញកសិផល ជាពិសេស សភាពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវចូលរួមអភិវឌ្ឍសក្តានុពលនិងឧត្តមភាពក្នុងមណ្ឌលរាជធានី-ខេត្តនីមួយៗ។ «ត្រូវអំពាវនាវនិងលើកទឹកចិត្ត ដល់វិស័យឯកជន បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់ និងដាក់លក់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការបង្កលក្ខណៈអំណាយផលដល់ការដាក់តាំងនិងលក់ផលិតផលខ្មែរ ក៏ដូចជា ការចូលរួមនិងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាទាំងក្នុងនិងក្រៅប្រទេស»។ នេះបើតាមប្រសាសន៍របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី