2026-03-05
ទូច សូរិយា
2026-03-05
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs)។
ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយអាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។ ឯកឧត្តមបានលើកឡើងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការអាស៊ាន ហើយកម្ពុជា បានបន្តខិតខំជំរុញគំនិតផ្តួចផ្តើមនានា ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងសមាហរ័ណសហគ្រាសធុនមីក្រូ តូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា នេះជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរយៈពេល១០ឆ្នាំរបស់អាស៊ាន ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាន់តែមានសារសំខាន់ នៅក្នុងបរិវត្តកម្មសេដ្ឋកិច្ចតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានរំលេចគំនិតផ្តួចផ្តើមតំបន់ថ្មីៗ រួមទាំងរបៀបវារៈបញ្ញាសិប្បនិម្មិតអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ព្រមទាំងសន្ទុះថ្មីនៃការជំរុញគម្រោងបណ្តាញអគ្គិសនីអាស៊ាន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចាកចេញពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួច និងសារសំខាន់នៃសុខដុមនីយកម្មស្តង់ដាអាស៊ាន ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។ ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម មានតួនាទីគន្លឹះក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃអាស៊ាន និងសកល។
លើសពីេនះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងសន្ទុះនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបច្ចុប្បន្នកើនឡើងដល់ប្រមាណ៣០ម៉ឺននាក់ និងអត្ថប្រយោជន៍កាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តកម្ពុជាឱ្យបន្តពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយបញ្ជាក់ថា ភាពជោគជ័យរបស់សហគ្រាសទាំងនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់កំណើនសេដ្ឋកិច្ចតំបន់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី