2026-09-04
SME News
2026-09-04
SME News
ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា (CANC) បានរៀបចំកិច្ចប្រជុំលើកទី៦ ដោយគាំទ្រវិធានការពង្រឹងប្រព័ន្ធវាយតម្លៃទទួលស្គាល់របស់កម្ពុជា និងពង្រីកការប្រើប្រាស់សេវាវាយតម្លៃភាពអនុលោម រួមមានសេវាធ្វើតេស្តវិភាគ អធិការកិច្ច ផ្ទៀងផ្ទាត់ និងវិញ្ញាបនបត្រកម្មដែលមានការវាយតម្លៃទទួលស្គាល់ ជាផ្នែកមួយនៃកិច្ចខិតខំក្នុងការលើកកម្ពស់គុណភាពផលិតផល ទំនុកចិត្តលើប្រព័ន្ធអនុលោមភាព និងការឈានចូលទីផ្សារ។
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបានពិនិត្យស្ថានភាពអនុលោមភាពនៃអង្គភាពវាយតម្លៃភាពអនុលោម (CABs) និងពិភាក្សាអំពីប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ រួមទាំង ISO/IEC 17011។
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ដែលជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សា បានបន្តរក្សាតំណែងជាស្ថាប័នហត្ថលេខីនៃកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមករបស់ស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិ APAC និង Global ACI បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃឡើងវិញដោយក្រុមអ្នកវាយតម្លៃអន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២៦ ស្របតាមវដ្តវាយតម្លៃរៀងរាល់៤ឆ្នាំម្តង។ ការទទួលស្គាល់ថ្មីនេះ គាំទ្រដល់សមត្ថភាពផ្តល់សេវាវាយតម្លៃទទួលស្គាល់របស់អគ្គនាយកដ្ឋាន។
កិច្ចពិភាក្សាបានផ្តោតលើសំណើក្នុងការកំណត់ឱ្យអង្គភាពវាយតម្លៃភាពអនុលោម ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមមានមន្ទីរពិសោធន៍ អង្គភាពអធិការកិច្ច និងអង្គភាពវិញ្ញាបនបត្រកម្ម ទទួលការវាយតម្លៃទទួលស្គាល់ជាបន្តបន្ទាប់ និងឈានទៅកំណត់ជាកាតព្វកិច្ច ព្រមទាំងលើកទឹកចិត្តដល់រោងចក្រ សហគ្រាស ឱ្យប្រើប្រាស់សេវាធ្វើតេស្តវិភាគ អធិការកិច្ច និងវិញ្ញាបនបត្រកម្ម ផ្តល់ដោយអង្គភាពដែលមានការវាយតម្លៃទទួលស្គាល់។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានផ្តោតលើសារសំខាន់នៃការវាយតម្លៃទទួលស្គាល់ ក្នុងការកសាងទំនុកចិត្តលើសមត្ថភាព និងភាពជឿជាក់នៃប្រព័ន្ធវាយតម្លៃភាពអនុលោមរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង៖ “ការវាយតម្លៃទទួលស្គាល់ មិនមែនគ្រាន់តែជាការទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្តថា មន្ទីរពិសោធន៍ និងអង្គភាពវាយតម្លៃភាពអនុលោមរបស់យើង មានសមត្ថភាពផ្តល់លទ្ធផលដែលអាចជឿទុកចិត្តបាន។ នៅពេលលទ្ធផលទាំងនោះត្រូវបានទទួលស្គាល់ជាអន្តរជាតិ អាជីវកម្មរបស់យើងអាចកាត់បន្ថយការតម្រូវឱ្យធ្វើតេស្តឡើងវិញ កាត់បន្ថយថ្លៃដើម និងសម្រួលការឈានចូលទៅទីផ្សារបរទេស។”
ក្រុមប្រឹក្សាបានឯកភាពជាគោលការណ៍លើសំណើចំនួន៣ រួមមាន៖ ការកំណត់ការវាយតម្លៃទទួលស្គាល់ជាកាតព្វកិច្ចសម្រាប់អង្គភាពវាយតម្លៃភាពអនុលោម តាមតំណាក់កាល, ជំរុញឱ្យរោងចក្រ សហគ្រាស ប្រើប្រាស់សេវាផ្តល់ដោយអង្គភាពវាយតម្លៃភាពអនុលោម ដែលមានការវាយតម្លៃទទួលស្គាល់, និងជំរុញឱ្យនិយ័តករតាមវិស័យ ដាក់បញ្ចូលលក្ខខណ្ឌសមស្របស្តីពីការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ទៅក្នុងលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ។
កិច្ចប្រជុំក៏បានប្រគល់ភារកិច្ចឱ្យលេខាធិការដ្ឋាន បន្តសិក្សាលម្អិតលើសំណើទាំងនេះ និងរៀបចំវិធីសាស្ត្រអនុវត្តជាដំណាក់កាល មុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់៕ ខ្លឹមសារ និងរូបភាព ផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី