2026-09-10
SME News
2026-09-10
SME News
ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដើម្បីពិភាក្សាអំពីការទាក់ទាញការវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យមជប៉ុន ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតភាពជាដៃគូអាជីវកម្មនៅកម្ពុជា។
គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ សមាគមបានបង្ហាញយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ខ្លួន ដែលមានសរសរស្តម្ភចំនួនបី គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ កសិឧស្សាហកម្ម និងឧស្សាហកម្មឌីជីថល។
ឯកឧត្តម Takahashi បានលើកឡើងថា៖ “ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាស្ថាប័នគន្លឹះមួយសម្រាប់គាំទ្រ SME នៅកម្ពុជា ហើយយើងសង្ឃឹមថានឹងសហការជិតស្និទ្ធជាមួយក្រសួង ដើម្បីទាក់ទាញ SME ជប៉ុនឱ្យបានកាន់តែច្រើន បង្កើតភាពជាដៃគូ និងកៀរគរការវិនិយោគរួមទុនជាមួយ SME កម្ពុជា។”
សមាគមគ្រោងដឹកនាំគណៈប្រតិភូធុរកិច្ចជ៉បុន លើកទី៦ មកកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ ដើម្បីជំរុញការវិនិយោគពីជប៉ុនមកកម្ពុជា ដោយរំពឹងថានឹងមានក្រុមហ៊ុនជប៉ុនប្រមាណ ២០ ទៅ ៣០ ចូលរួម។ សមាគមបានស្នើសុំការគាំទ្រពីក្រសួង ក្នុងការផ្គូផ្គងដៃគូអាជីវកម្ម ដោយផ្តោតលើការស្វែងរកដៃគូក្នុងស្រុកដែលសមស្របសម្រាប់អភិវឌ្ឍសហគ្រាសរួមទុនជាក់ស្តែង។
សមាគមជប៉ុន-កម្ពុជា ក៏បានបង្ហាញគម្រោងសាកល្បងមួយចំនួន រួមមានការកែច្នៃសូត្រមាសកម្ពុជាសម្រាប់ផលិតផលគ្រឿងសម្អាង ការចិញ្ចឹមនិងកែច្នៃត្រីទីឡាបយ៉ា ការកែច្នៃផ្លែខ្នុរ និងគម្រោងពាក់ព័ន្ធនឹងឧស្សាហកម្មឌីជីថល ដោយបញ្ជាក់ថា ភាពជោគជ័យនៃគម្រោងទាំងនេះអាចក្លាយជាគំរូសម្រាប់ទាក់ទាញ SME ជប៉ុនបន្ថែមទៀត។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្ទេរបច្ចេកវិទ្យា និងការការពារកម្មសិទ្ធិបញ្ញាសម្រាប់បច្ចេកវិទ្យា និងផលិតផលជប៉ុនដែលត្រូវបានអភិវឌ្ឍនៅកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ការផ្តល់អាទិភាពរបស់សមាគមជប៉ុន-កម្ពុជា លើសហគ្រាសធុនតូច និងមធ្យម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសនៅក្នុងមូលដ្ឋានឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ជាពិសេសឧស្សាហកម្មគាំទ្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច គ្រឿងបន្លាស់ និងសេវាកម្ម ដល់ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ យានយន្ត គ្រឿងម៉ាស៊ីន និងវិស័យផលិតកម្មផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ គឺជាបង្គោលចរដ៏សំខាន់សម្រាប់កម្ពុជា។ នេះជាវិញ្ញាសារមួយដែលកំណត់ថាយើងជោគជ័យ ឬមិនជោគជ័យ។ ដូច្នេះ របៀបវារៈដ៏ធំរបស់យើង គឺផ្តោតលើរបៀបដែលយើងផ្គត់ផ្គង់វត្ថុធាតុដើម និងធាតុចូល និងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុករបស់យើង។”
ឯកឧត្តមបានលើកឡើងថា ការផ្លាស់ប្តូរនេះនឹងបង្កើតឱកាសសម្រាប់ SME បង្កើនផលិតកម្ម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលកម្ពុជាត្រូវត្រៀមលលក្ខណៈប្រកួតប្រជែង ក្រោមលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិដែលកាន់តែតឹងរ៉ឹង។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសក្តានុពលនៃវិស័យកសិឧស្សាហកម្មកម្ពុជា ជាពិសេសការពង្រីកផលិតកម្ម ការបង្កើនតម្លៃបន្ថែមសម្រាប់កសិផលខ្មែរ និងការភ្ជាប់ផលិតកម្មក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួង និងសហគ្រិនខ្មែរ អាចជួយសមាគមស្វែងរកសហគ្រាសកម្ពុជាដែលមានសក្តានុពលសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូជប៉ុនផងដែរ។
ភាគីទាំងពីរបានបង្ហាញបំណងរួម ក្នុងការប្រែក្លាយគំនិត និងគម្រោងដែលបានស្នើឡើងទាំងនេះ ទៅជាការវិនិយោគជាក់ស្តែង រួមទាំងតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចជប៉ុនមកកម្ពុជានៅខែវិច្ឆិកា និងការបន្តកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២៧៕ ខ្លឹមសារ និងរូបភាពផ្តល់ដោយ៖ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី