2026-01-17
គិត បុប្ផា
2026-01-17
គិត បុប្ផា
ភ្នំពេញ៖ ការផ្តោតលើជំនាញវិជ្ជាជីវៈ STEM សហគ្រិនភាព នវានុវត្តន៍ និងការអនុវត្តជាក់ស្តែង នឹងជួយឱ្យយុវជនអាចរកការងារធ្វើបាន មានសមត្ថភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលនៃពិភពការងារនាពេលអនាគត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡា។
ក្នុងឱកាសផ្តល់បាឋកថាពិសេស ស្ដីពីយុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ដល់យុវជននៃកម្មវិធីជំរំយុវជនជាសកលលើកទី១១ ខេត្តសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា យុគសម័យឌីជីថល ការបញ្ចូលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ គឺជាកត្តាសំខាន់មួយសម្រាប់កម្ពុជា ឆ្នាំ២០៣០។ យុវជន ក៏ត្រូវមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ឌីជីថលដោយច្នៃប្រឌិត មានទំនួលខុសត្រូវ និងមានសុវត្ថិភាព និងការរៀនតាមប្រព័ន្ធឌីជីថល និងការរៀនពេញមួយជីវិត នឹងជួយបើកឱកាសសិក្សាស្មើភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យុវជននៅលើឆាកជាតិ និងអន្តរជាតិ។ ជាមួយនឹងនេះ ការអប់រំនៅកម្ពុជា ២០៣០ ត្រូវតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងបរិបទនៃការផ្លាស់ប្តូររហ័សផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាសកល ប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» បង្ហាញពីចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍយុវជនឱ្យមានសមត្ថភាពពេញលេញ ដើម្បីក្លាយជាកម្លាំងដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិឱ្យមានភាពរឹងមាំ និងចីរភាព។ ការអប់រំ ជាគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍយុវជននៅកម្ពុជា ឆ្នាំ២០៣០ ការអប់រំនាពេលអនាគត មិនត្រឹមតែផ្តោតលើការផ្ទេរចំណេះដឹងតាមសៀវភៅប៉ុណ្ណោះទេ ថែមទាំងត្រូវផ្តោតលើការអភិវឌ្ឍសមត្ថភាពជាក់ស្តែង ដូចជា ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការងារជាក្រុម និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ការអប់រំប្រកបដោយគុណភាព នឹងជួយបង្កើតយុវជនដែលមានទាំងចំណេះដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គមសម័យសតវត្សរ៍ទី២១។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានមានប្រសាសន៍បន្តថា ភារកិច្ចចម្បងរបស់យុវជន គឺការកសាងសមត្ថភាពតាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ «សីល បញ្ញា និងសមាធិ» ហើយគំរូនៃសាលារៀនជំនាន់ថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដើរតួនាទីជាថ្នាលដ៏សំខាន់ក្នុងការបណ្តុះបំណិនសតវត្សទី២១ ដើម្បីជួយឱ្យយុវជនមានសមត្ថភាពម្ចាស់ការលើការគិតបែបវិភាគ និងការដោះស្រាយបញ្ហាស្មុគស្មាញ។ លើសពីការសិក្សានៅក្នុងថ្នាក់រៀន យុវជនមានភារកិច្ចសិក្សារៀនសូត្រពីបទពិសោធប្រវត្តិសាស្ត្រ និងនយោបាយអន្តរជាតិ ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងភាពជាអ្នកដឹកនាំ។ ការយល់ដឹងពីនយោបាយអន្តរជាតិនឹងជួយឱ្យយុវជនមិនងាយរងការអូសទាញ ឬបោកបញ្ឆោតដោយព័ត៌មានក្លែងក្លាយដែលបង្កអស្ថិរភាពសង្គម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី