2026-08-29
SME News
2026-08-29
SME News
សិង្ហបុរី៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមសប្តាហ៍កម្មសិទ្ធិបញ្ញាសិង្ហបុរី ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកកម្មសិទ្ធិបញ្ញា និងនវានុវត្តន៍ តាមរយៈកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី និងជំនួបទ្វេភាគីជាមួយដៃគូសំខាន់ៗ។
ឯកឧត្តមបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ជាមួយឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ទទួលបន្ទុកថាមពល និងឧស្សាហកម្ម ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រកំណើន ក្នុងស្ថានភាពនៃការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់សកល ការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ព្រមទាំងបរិវត្តកម្មបៃតងរបស់ពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “កម្ពុជាចាត់ទុកការប្រែប្រួល និងនិន្នាការសកលទាំងនេះ ជាកត្តាជំរុញឱ្យយើងបម្លែងគំរូសេដ្ឋកិច្ចជាតិ ពីសកម្មភាពដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា និងជំនាញ។”
ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការចាប់យកបច្ចេកវិទ្យា ទំនើបកម្មឧស្សាហកម្ម និងការការពារកម្មសិទ្ធិបញ្ញា ដោយចាត់ទុកបញ្ញាសិប្បនិម្មិតថាជា “កាតាលីករគន្លឹះសម្រាប់សេដ្ឋកិច្ចឌីជីថល និងបរិវត្តកម្មឧស្សាហកម្មរបស់កម្ពុជា” ។
ក្រៅពីចូលរួមកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ឯកឧត្តមបានទទួលជួបលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើការវាយតម្លៃពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្ម សេវាកម្មកម្មសិទ្ធិបញ្ញាឌីជីថល និងការកសាងសមត្ថភាព។
ឯកឧត្តមក៏បានជួបពិភាក្សាទ្វេភាគីជាមួយដៃគូសំខាន់ៗផ្នែកកម្មសិទ្ធិបញ្ញាមកពីសាធារណរដ្ឋកូរ៉េ សិង្ហបុរី និងជប៉ុន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ការកសាងសមត្ថភាព ការអប់រំផ្នែកការបង្កើតថ្មី និងជំនួយបច្ចេកទេស ដើម្បីពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរក៏បានចុះអនុស្សរណៈបន្តកិច្ចសហប្រតិបត្តិការលើការងារប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្មផងដែរ។
កិច្ចប្រជុំ និងជំនួបទ្វេភាគីទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញនវានុវត្តន៍ ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបរិវត្តកម្មសេដ្ឋកិច្ចជំរុញដោយបច្ចេកវិទ្យា និងចំណេះដឹង។ ខ្លឹមសារ និងរូបភាព ផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី